ភ្នំពេញៈ ទឹកប្រាក់ប្រមាណ៥ពាន់ដុល្លារអាមេរិកលាយឡំនិងលុយខ្មែរផងនោះ ត្រូវក្រុមជនល្មើសភ្ជង់ប្លន់យកទៅអស់ នៅផ្ទះវេរលុយ ទ្រូម៉ាន់នី មួយកន្លែង ស្ថិតនៅផ្ទះលេខអា៥១ ផ្លូវលំ ភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាម៉ោង៩និង៤៥នាទីថ្ងៃទី១ ខែសីហា នេះ។
សមត្ថកិច្ចបានប្រាប់ថា ទឹកប្រាក់ប្រមាណ៥ពាន់ដុល្លារ ត្រូវក្រុមជនល្មើស ដែលមានគ្នា២នាក់ ប្រដាប់ដោយអាវុធខ្លីមួយដើម ជិះម៉ូតូមួយគ្រឿងម៉ាក ឃ្លិក ពណ៌ស មិនចាំស្លាកលេខ បានធ្វើសកម្មភាពភ្ជង់ប្លន់យកទៅអស់ ក្នុងនោះមានលុយខ្មែរ១២លានរៀល ប្រាក់ដុល្លារ៥០០ដុល្លារ ទូរស័ព្ទ Iphone 6 ពីរគ្រឿង មួយគ្រឿងពណ៌ខ្មៅ លេខទូរស័ព្ទ ០១០ ៤៤ ១១១១ និងមួយគ្រឿងទៀតពណ៌ទឹកប្រាក់ លេខទូរស័ព្ទ ០៧៧ ៣១ ៣១ ០៦។
បើតាមបំភ្លឺពីនារីឈ្មោះ នួន វណ្ណលីដា អាយុ២៣ឆ្នាំ ដែលអះអាងថា ជាជនរងគ្រោះ ត្រូវជាបុគ្គលិកហាង ហេង ហេង ទ្រូម៉ាន់នី ប្តូរប្រាក់ បានប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុមានជនសង្ស័យ២នាក់ ប្រដាប់ដោយអាវុធខ្លីមួយដើម ជិះម៉ូតូមួយគ្រឿងម៉ាកឃ្លិកពណ៌សមិនចាំស្លាកលេខ ម្នាក់អាយុប្រហែលជាង៣០ឆ្នាំ សប្បុរ សខ្ពស់ និងម្នាក់ទៀតទាបល្អិត បានចូលមកសួរ ដើម្បីទិញកាតទូរស័ព្ទ២ដុល្លារ ពេលនោះជនរងគ្រោះបានប្រាប់ថា ចាំបន្តិច ហើយជនរងគ្រោះក៏ចាក់សោថតទូ ដើម្បីយកកាតទូរស័ព្ទឲ្យជនសង្ស័យ នៅពេលកំពុងឱនចាក់សោ ស្រាប់តែជនសង្ស័យដើរចូលមកពីក្រោយច្របាច់ក ចាប់ផ្តួលហើយភ្ជង់គំរាមបាញ់សម្លាប់ចោលបើហ៊ានស្រែក។
ជនរងគ្រោះបន្តថា ក្រោយពីភ្ជង់ហើយ ជនសង្ស័យក៏បានប្រមូលសម្ភារ និងលុយមួយចំនួន គេចខ្លួនចេញទៅទិសខាងជើងបាត់តែម្តង។
ក្រោយពីហេតុការណ៍កើតឡើងបានបន្តិចជនរងគ្រោះក៏បានទំនាក់ទំនងប្ដឹងទៅសមត្ថកិច្ច គ្រានោះកម្លាំងសមត្ថកិច្ចក៏បានចុះទៅដល់ និងធ្វើការសាកសួរ ព្រមទាំងធ្វើកំណត់ហេតុ ដើម្បីកំណត់មុខសញ្ញជនសង្ស័យងាយស្រួលសមត្ថកិច្ចមានវិធានការតាមច្បាប់៕
https://youtu.be/zCp_a1S1hzA
មតិយោបល់