ព័ត៌មានជាតិ

បុគ្គលិកក្រុមហ៊ុន លក់សំបកកង់រថយន្ត ត្រូវចោរគាស់ផ្ទះលួចទ្រព្យសម្បត្តិ

ភ្នំពេញៈ កាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង១៣.៣០ នាទី ស្ថិតក្នុងភូមិព្រែកបិ ឃុំកោះធំ(ខ) ស្រុកកោះធំ ខេត្តកណ្ដាល សមត្ថកិច្ច បានធ្វើការឃាត់ខ្លួនជនសង្ស័យ ៣នាក់ ពាក់ព័ន្ធករណីចូលគាស់ផ្ទះពលរដ្ឋ លួចយកទ្រព្យសម្បត្តិ។

ជនរងគ្រោះឈ្មោះ ជ្រា ធានី ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកបិ ឃុំកោះធំ(ខ) ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ បុគ្គលិកក្រុមហ៊ុន លក់សំបកកង់រថយន្ត។

ចំណែកជនសង្ស័យ ០៣នាក់ (ឃាត់ខ្លួន)៖
១-ឈ្មោះ ឆេង សំអន ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកបិ ឃុំកោះធំ(ខ) ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ មិនពិតប្រាកដ មានសារធាតុញៀនក្នុងទឹកនោម វិជ្ជមាន(+) ។
២-ឈ្មោះចឹក តុលា ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិតាអី ឃុំបាស្រែ ស្រុកអង្គរបុរី ខេត្តតាកែវ មុខរបរ កសិករ មានសារធាតុញៀនក្នុងទឹកនោម វិជ្ជមាន(+)។
៣-ឈ្មោះ ភឹម ញ៉ាញ់ (ហៅក្រឹម) ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកបិ ឃុំកោះធំ
(ខ) ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ មិនពិតប្រាកដ មានសារធាតុញៀនក្នុងទឹកនោម វិជ្ជមាន(+) ។

សម្ភារៈបាត់បង់ ៖
-ពូកសម្រាប់ដេកចំនួន០២សម្រាប់
-អាវយឺតដៃខ្លី ពណ៌ប្រផេះ ចំនួន ០១ និងម៉ូទ័របូមទឹក ០១គ្រឿង ។
-ស៊ុមាន់០៣សម្រាប់ និងឆ្នាំងធំ០១។

វត្ថុតាងចាប់យក ស៊ុមាន់០៣សម្រាប់ និងអាវយឺតដៃខ្លី ពណ៌ប្រផេះ០១ ។

ដំណើររឿង៖ ជនរងគ្រោះ បាននាំឪពុកម្ដាយ ដែលមានជំងឺទៅព្យាបាល នៅឯក្រុងភ្នំពេញ តាំងពីចុង ឆ្នាំ២០១៩ មកម្ល៉េះ ដោយបានចាក់សោផ្ទះទុកចោល គ្មានអ្នកណានៅទេ។ លុះនៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង១១ និង១៥នាទី ម្ដាយមីងរបស់ជនរងគ្រោះ ដែលមានផ្ទះខាងមុខផ្ទះរបស់ជនរងគ្រោះ បានទូរស័ព្ទប្រាប់ជន រងគ្រោះថា មានក្មេងៗគាស់ជញ្ជាំង តាមឥដ្ឋខ្យល់ចូលទៅក្នុងផ្ទះជនរងគ្រោះ។ បន្ទាប់ពីទទួលបានព័ត៌មាននេះ ជនរងគ្រោះ បានធ្វើដំណើរមកផ្ទះរបស់ខ្លួនវិញភ្លាមៗ នៅវេលាម៉ោង១៣ និង៣០នាទី ថ្ងៃដដែល ពេលមកដល់ជនរងគ្រោះ បានពិនិត្យមើលសម្ភារៈប្រើប្រាស់ ក្នុងផ្ទះបានឃើញមានខូចខាត បាក់ឥដ្ឋខ្យល់មួយផ្ទាំង និងបានបាត់សម្ភារៈដូចរៀបរាប់ខាងលើ ចំណែកក្នុងបន្ទប់ដែលត្រូវបានគេគាស់ចូលនោះ ពុំមានបាត់បង់អ្វីទេ។

ក្រោយពីពិនិត្យឃើញថា បានបាត់សម្ភារៈប្រើប្រាស់មួយចំនួនខាងលើនេះហើយ ជនរងគ្រោះ បានដើរសាកសួរព័ត៌មាន ពីប្រជាពលរដ្ឋ ដែលរស់នៅក្បែរៗនោះ មានការសង្ស័យដល់ឈ្មោះ ឆេងសំអន ,ឈ្មោះ ចឹក តុលា និងឈ្មោះ ភឹម ញ៉ាញ់ (ហៅក្រឹម) រួចបានមកដាក់ពាក្យបណ្ដឹង នៅប៉ុស្ដិ៍នគរបាលរដ្ឋបាលកោះធំ(ខ)។ បន្ទាប់ពីទទួល បានបណ្ដឹងកម្លាំងនគរបាល ប៉ុស្ដិ៍កោះធំ(ខ) បានសហការជាមួយកម្លាំងជំនាញស្រុក បានចុះធ្វើការស៊ើបអង្កេត ស្រាវជ្រាវ រហូតឃាត់ខ្លួនបានជនសង្ស័យទាំង ០៣នាក់ខាងលើ នៅព្រឹក ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០ នៅក្រោមផ្ទះឈ្មោះ ឆេង សំអន។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ ចឹក តុលា និងភឹម ញ៉ាញ់ បានសារភាពថា ពួកគេពិតជាបានមកស្នាក់ នៅដេកផ្ទះឈ្មោះ ឆេង សំអន មួយរយៈមកហើយ និងបានចូលធ្វើសកម្មភាពលួចយកសម្ភារៈប្រើប្រាស់មានដូចជាពូកសម្រាប់ដេក ០២សម្រាប់,ម៉ូទ័របូមទឹក ០១គ្រឿង,ស៊ុមាន់ ០៣សម្រាប់ នៅក្នុងផ្ទះរបស់ជនរងគ្រោះ ជ្រា ធានី ប្រាកដមែន ហើយពួកគេបានយកសម្ភារៈទាំងនោះទៅលក់បន្តឲ្យឈ្មោះ គី វេងហ៊ី ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិព្រែក
សំរោង ឃុំកោះធំ(ខ) ស្រុកកោះធំ ខេត្តកណ្ដាល ប្រាក់ដែលលក់បាន គឺពួកគេយកមកចាយវាយ និងទិញ
ថ្នាំញៀនជក់ជាមួយឈ្មោះ ឆេង សំអន នៅផ្ទះរបស់ឈ្មោះ ឆេង សំអន ដោយឈ្មោះ ឆេង សំអន បានដឹងដែរថា ពួកគេទាំងពីរបានលួចយកទ្រព្យសម្បត្តិរបស់ជនរងគ្រោះ ។

បច្ចុប្បន្នជនសង្ស័យទាំង០៣នាក់ ត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋានគរបាលខេត្ត ដើម្បីបន្តចាត់ការតាមនីតិវិធី៕

មតិយោបល់