ព័ត៌មានជាតិ

ពលរដ្ឋនៅតែបន្តរិះគន់លោកអធិការខណ្ឌពោធិ៍សែនជ័យ អសមត្ថភាព មិនអាចទប់ស្កាត់ចោរប្លន់ ក្នុងមូលដ្ឋានបាន

ភ្នំពេញៈ កាលពីវេលាម៉ោង ១១និង ១៥នាទីយប់ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២០ ត្រង់ចំណុចវាលស្រែ ក្នុងភូមិចំការត្បែង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ មានករណីក្រុមចោរ ធ្វើសកម្មភាពវាយប្លន់យកម៉ូតូជនរងគ្រោះ បានសម្រេច រួចជិះគេចខ្លួនបាត់ ដោយសុវត្ថិភាព។

ជនរងគ្រោះទី១ឈ្មោះ សុខ ជា ភេទប្រុស អាយុ ៣២ ឆ្នាំ មុខរបរជាងឡាន ស្នាក់នៅភូមិគោកព្រិច សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ​ ម្ចាស់ម៉ូតូម៉ាក ស៊ុយសាគីឡែត ពណ៌ស មិនចាំផ្លាកលេខ (ត្រូវចោរលួចបាត់) និងទី២ឈ្មោះ រដ្ឋា សុខហេង ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរជាងម៉ាស៊ីនត្រជាក់ ស្នាក់នៅភូមិកើតហេតុ ត្រូវក្រុមចោរវាយ បណ្ដាលឲ្យរងរបួសបែកក្បាល។

ដំណើររឿង៖ កាលពីល្ងាចថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២០ នៅភូមិកើតហេតុ ពលរដ្ឋបាននាំគ្នាប្រារព្ធកម្មវិធីបុណ្យភូមិ ដូចរាល់ដងដែលបានធ្វើជារៀងរាល់ឆ្នាំ បន្ទាប់ពីពួកគាត់ច្រូតកាត់ប្រមូលផលស្រូវវស្សារួច ដោយក្នុងកម្មវិធីនោះ មានការផឹកស៊ីរាំច្រៀងកម្សាន្ត។

ដោយទ្បែក គឺមានយុវជន៣នាក់ បានផឹកស៊ីស្រវឹងនៅផ្ទះ បន្ទាប់មកក៏បាននាំគ្នា ជិះម៉ូតូ២គ្រឿង ទៅរាំធុងបាស នៅចុងភូមិ ពេលរាំបានមួយសន្ទុះ ក៏នាំគ្នាជិះម៉ូតូត្រឡប់ទៅផ្ទះវិញ។​លុះមកដល់ចំណុចកើតហេតុ ស្រាប់តែលេចមុខជនសង្ស័យចំនួន៨នាក់ ជិះម៉ូតូ៤ ទៅ៥ គ្រឿង មកស្ទាក់ម៉ូតូជនរងគ្រោះ ខាងក្រោយ ហើយយកដុំថ្ម ប្រួតគ្នាវាយជនរងគ្រោះ បណ្តាលឲ្យរបួសបែកក្បាល។

ភ្លាមៗនោះ ភាគីជនរងគ្រោះ ដែលជិះម៉ូតូនៅខាងមុខ ឃើញហេតុការណ៍មិនស្រួល បានឈប់ម៉ូតូរត់មកជួយ តែមិនបានដកសោម៉ូតូចេញទេ ក៏ត្រូវក្រុមជនសង្ស័យ លួចយកម៉ូតូជនរងគ្រោះ១គ្រឿង ជិះគេចខ្លួនបាត់ ដោយសុវត្ថិភាព។

ក្រោយកើតហេតុជនរងគ្រោះ បានមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នរគបាលរដ្ឋាបាលសំរោងក្រោម ដើម្បីស្រាវជ្រាវ ចាត់ការតាមផ្លូវច្បាប់៕

មតិយោបល់