ព័ត៌មានជាតិ

ជិះម៉ូតូវ៉ាជែងលឿន មិនប្រយ័ត្នប៉ះគ្នា បណ្ដាលឲ្យដួលបោកក្បាលនឹងរថយន្តទេសចរណ៍ ស្លាប់មួយរំពេច

ស្វាយរៀង: កាលពីវេលាម៉ោង ១១ និង ៤០នាទីថ្ងៃទី ០៧ ខែមីនា ឆ្នាំ ២០២០ លើផ្លូវជាតិលេខ០១ ស្ថិតក្នុងភូមិថ្នល់កែង ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ និងម៉ូតូ បណ្ដាលឲ្យយុវជនម្នាក់ស្លាប់ភ្លាមៗ ។

ដំណើររឿង៖ នៅមុនកើតហេតុ គេឃើញម៉ូតូម៉ាក អ៊ុចស្ទើ ពណ៌ខៀវ គ្មានផ្លាកលេខ បើកបរដោយយុវជនម្នាក់ ឈ្មោះ រាជ សុជាតិ ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរកសិករ រស់នៅភូមិដំបូកជួរ សង្កាត់ច្រកម្ទេស ក្រុងបាវិត (មិនពាក់មួកសុវត្ថិភាព) ធ្វើដំណើរពីកើតទៅលិច ។

លុះមកដល់ចំណុចកើតហេតុ បានបើកវ៉ាជែង ក៏ទៅប៉ះម៉ូតូម៉ាក សង់កូរ៉េ ពណ៌ក្រហម ផ្លាកលេខ ព្រៃវែង 1B-3595 បើកបរដោយឈ្មោះ ឡេ តើយ ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរអាជីវករ សញ្ជាតិវៀតណាម ជនជាតិវៀតណាម រស់នៅភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង គ្មានរបួសស្នាម (ពាក់មួកសុវត្ថិភាព) បន្ទាប់មកអ្នកបើកបរម៉ូតូអ៊ុចស្ទើ ខ្ទាតទៅប៉ះរថយន្តទេសចរណ៍ ផ្លាកកលេខ 51B-310-26 ប៉ះកង់ក្រោយខាងឆ្វេង ក៏ដួលបោកក្បាល ស្លាប់នៅកន្លែងកើតហេតុ។ ចំណែកអ្នកបើកបររថយន្តទេសចរណ៍ បានរត់គេចពីកន្លែងកើតហេតុ។

ក្រោយកើតហេតុ មធ្យោបាយពាក់ព័ន្ធ សមត្ថកិច្ច ចុះវាស់វែង យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាល ស្រុកស្វាយទាប រង់ចាំដោះស្រាយពេលក្រោយ។ ចំណែកសព បានប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់