ព័ត៌មានជាតិ

លួចម៉ូតូគេបានមួយភ្លែត ប្រឹងជិះគេចខ្លួន តែមិនផុត ក៏ត្រូវជាប់ខ្នោះ

ភ្នំពេញ: ជនសង្ស័យម្នាក់ ធ្វើសកម្មភាពលួចម៉ូតូ គេបានមួយភ្លែត ខំជិះគេចខ្លួន មិនទាន់ផុតខណ្ឌឬស្សីកែវផង ក៏ត្រូវជាប់ខ្នោះ កាលពីវេលាម៉ោង ១២និង២០នាទី ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០ ត្រង់ចំណុចព្រុំប្រទល់ខណ្ឌឬស្សីកែវ និងខណ្ឌដូនពេញ ក្នុងទឹកដីសង្កាត់ទួលសង្កែទ១ ខណ្ឌឬស្សីកែវ។

ជនសង្ស័យឈ្មោះ ម៉ា រ័ត្នភេទប្រុស អាយុ១៧ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅសង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។ ជនរងគ្រោះឈ្មោះ សាន់ អ៊ី ភេទប្រុស អាយុ៤៦ឆ្នាំ ស្នាក់នៅសង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ជាម្ចាស់ម៉ូតូម៉ាកក្លិច ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1DE-2278។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនកើតហេតុ គេឃើញជនរងគ្រោះ បានជិះម៉ូតូដឹកខោអាវ ទៅបោកអ៊ុត នៅកន្លែងបោកអ៊ុតមួយកន្លែង ម្តុំគីឡូម៉ែត្រលេខ៧ ក្នុងសង្កាត់ច្រាំងចំរេះទី២ ដោយមិនបានដកសោម៉ូតូ កំពុងតែរាប់ចំនួនខោអាវឲ្យគេបោកអ៊ុត ស្រាប់តែជនសង្ស័យ ឡើងជិះម៉ូតូបញ្ឆេះជិះ ចេញតាមបណ្តោយផ្លូវជាតិលេខ៥ ទៅត្បូង។ ពេលនោះជនរងគ្រោះ បានស្រែកថាចោរៗ ក៏ផ្អើលដល់សមត្ថកិច្ចល្បាត ក្បែរនោះបោះដៃតាមអាយឌីឮដល់សមត្ថកិច្ចប៉ុស្តិ៍ទួលសង្កែទី១ ស្ទាក់ចាប់ជនសង្ស័យបាន នៅខាងត្បូងប៉ុស្តិ៍តែម្តង។

ក្រោយកើតហេតុសមត្ថកិច្ចប៉ុស្តិ៍ទួលសង្កែទី១ បានប្រគល់ជនសង្ស័យ ទៅឲ្យសមត្ថកិច្ចប៉ុស្តិ៍ច្រាំងចំរេះទី២ ចាត់ការបន្តព្រោះជាម្ចាស់ករណី៕

មតិយោបល់