ភ្នំពេញៈ បុរសម្នាក់ បានក្អួតធ្លាក់ឈាម ដួលស្លាប់នៅមុខទ្វារផ្ទះរបស់ម្តាយ កាលពីវេលាម៉ោង ៣និង៣០នាទីរសៀលថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ ត្រង់ចំណុចផ្ទះលេខ B5 បុរី រុងរឿង ក្នុងភូមិគៀនឃ្លាំង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ។
ជនរងគ្រោះឈ្មោះ ម៉ុន សុធារិទ្ធិអាយុ៣៨ឆ្នាំ មានលំនៅភូមិបឹងអង្កាញ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានមកស្នាក់នៅផ្ទះជាមួយម្តាយ ទីតាំងកើតហេតុ។
ដំណើររឿង៖ នៅមុនកើតហេតុ ជនរងគ្រោះ បាននៅផ្ទះតែម្នាក់ឯង ដោយម្តាយទៅពិសារបាយ នៅខាងក្រៅ ខណៈនោះ ជនរងគ្រោះ មានអការមិនស្រួល ដោយក្អួតធ្លាក់ឈាម នៅក្នុងបន្ទប់ទឹក ក៏បានដើរចេញមកមាត់ទ្វារ ក្អួតបន្តទៀត ហើយបានប្រកាច់ដួលស្លាប់ភ្លាមៗតែម្ដង បង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកជិតខាង។
តាមព័ត៌មានពីក្រុមគ្រួសារ និងឪពុក បានឲ្យដឹងថា កន្លងមកកូនគាត់ ជាមនុស្សធាត់ មាឌធំ និងមានជំងឺទឹកនោមផ្អែម ជំងឺក្រពះ និងឈឺសន្លាក់ ។
នៅពេលថ្មីនេះ ដោយសារតែចង់ស្គមទើបកូនគាត់ បានទិញផលិតផលសម្រកទង្ងន់ យកមកទទួលទាន ហើយក៏បានស្រកដូចបំណង។
ប្រភពដដែល បានបន្ថែមថា នៅក្នុងការប្រើផលិតផលនោះ កូនគាត់បានធ្វើទុក ហេវហត់ និងបានក្អួតធ្លាក់ឈាមដួលស្លាប់បែបនេះតែម្តង ។
ក្រោយពីការពិនិត្យ និងកោសល្យវិច័យរបស់ក្រុមលោកគ្រូជំនាញ បានបញ្ជាក់ថា ជនរងគ្រោះ សង្ស័យស្លាប់ដោយសារធ្លាយក្រពះ។
បច្ចុប្បន្នសាកសព ត្រូវបានសមត្ថកិច្ច ធ្វើលិខិតស្នាម និងប្រគល់ជូនទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់