ព័ត៌មានជាតិ

ភាគច្រើនជាសិស្សសាលាដែលប្រមូលផ្តុំគ្នាជួញដូរនិងប្រើប្រាស់គ្រឿងញៀន នៅចំនុចហាងខារ៉ាអូខេ ktv គ្រួសារ នៅសង្កាត់ប្អេរពេលនេះសមត្ថកិច្ចចុះបង្រ្កាបទាំងសំបុក

កំពង់ឆ្នាំងៈ នៅរសៀលថ្ងៃទី ១០ ខែ មីនា ឆ្នាំ ២០២០ នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានបង្ហាញមុខជនសង្ស័យចំនួន ១៦នាក់ ដែលមានការពាក់ព័ន្ធនឹងការជួញដូរ ចែកចាយ រួមគំនិត និងប្រើប្រាស់គ្រឿងញៀន នៅចំនុចហាងខារ៉ាអូខេ ktv គ្រួសារ ស្ថិតក្នុងភូមិធម្មយុត្តិ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ដែលភាគច្រើនជាសិស្សសាលាចូលច្រៀងកំសាន្ត ហើយយកទីតាំងចូលខារ៉ាអូខេនេះដើម្បីប្រើប្រាស់ និងជួញដូរគ្រឿងញៀន។

លោកវរសេនីយ៍ឯក វ៉ាន់ ធាវុឌ្ឃ ស្នងការរងទទួលបន្ទុកផែនការងារប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ឲ្យដឹងថា ក្រោមការបញ្ជាផ្ទាល់របស់លោក ឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្ត និងដោយមានការសម្របសម្រួលផ្ទាល់ពីលោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង បានដឹកនាំកម្លាំងផ្ទាល់ដោយសហការជាមួយកម្លាំងអធិការក្រុងកំពង់ឆ្នាំង ដោយប្រើរយៈពេលអស់ ៤ថ្ងៃ ឈានដល់ការបង្ក្រាបអ្នកជួញដូរគ្រឿងញៀន ចែកចាយ និងប្រើប្រាស់ ចំនួន ១៦នាក់ ដោយក្នុងនោះអ្នកជួញដូរ ចែកចាយ រួមទាំងអ្នកផ្សំគំនិត ចំនួន ១១នាក់ និងអ្នកដែលប្រើប្រាស់ចំនួន ០៥នាក់ ។

វត្ថុតាងដកហូតរួមមាន៖
-ថ្នាំញៀន ៥២ បញ្ចប់
-ជញ្ជីងថ្លឹង ៣គ្រឿង
-ម៉ូតូ ៩ គ្រឿង
-កាំភ្លើងខ្យល់១
-កាំភ្លើងបាញ់ហ្គាស១
-ទូរសព្ទ ៩ គ្រឿង
-ឧបករណ៍វេចខ្ចប់ និងឧបករណ៍ជក់ថ្នាំញៀនមួយចំនួន)។

អ្នកចែកចាយនិងអ្នកសមគំនិត១១នាក់ ត្រូវបានបញ្ជូនទៅកាន់តុលាការតាមនីតិវិធីច្បាប់ ចំណែកអ្នកប្រើប្រាស់ ០៥នាក់ ត្រូវអនុវត្តតាមនីតិវិធី នៃការធ្វើកិច្ចសន្យា អប់រំ ណែនាំ ជាលើកទី១ ហើយឲ្យវិលត្រឡប់ទៅផ្ទះវិញ៕

 

មតិយោបល់