ព័ត៌មានជាតិ

បុរសម្នាក់ស្រវឹងស្រាបើករថយន្តលឿនជ្រុល ទៅបុករថយន្ត ២គ្រឿងទៀត បណ្ដាលឲ្យរងការខូចខាត

ភ្នំពេញៈ កាលពីវេលាម៉ោង ១១យប់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ ត្រង់ចំណុចខាងជើងប៉ុស្តិ៍នគរបាលរដ្ឋបាលចតុមុខប្រមាណ ៣០ម៉ែត្រ តាមបណ្ដោយផ្លូវព្រះស៊ីសុវត្ថិ ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងរថយន្ត។

រថយន្តបង្កម៉ាក កាមារីហាយប្រ៊ីត ពណ៌ស្ករ ពាក់ផ្លាកលេខ ភ្នំពេញ 2BC-5962។
រថយន្តរងគ្រោះម៉ាក លុចស៊ីស RX300 ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AJ-9287។
រថយន្តរងគ្រោះម៉ាក ព្រូស ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BB-7645។

ដំណើររឿង៖ មុនពេលកើតហេតុគេឃើញរថយន្តបង្ក បើកបរដោយបុរសម្នាក់ ស្ថិតក្នុងស្ថានភាពស្រវឹងជោគជាំ ធ្វើដំណើរពីជើងទៅត្បូងយ៉ាងលឿន លុះមកដល់ចំណុចខាងលើ ជ្រុលទៅបុករថយន្តលុចស៊ីស​ បណ្ដាលឲ្យទៅប៉ះរថយន្តម៉ាកព្រូស រងការខូចខាតទាំង ៣គ្រឿង​ ក្រោយពេលពីកើតហេតុ សមត្ថកិច្ចចុះដល់ទីតាំង ដើម្បីជួយសម្រួលភ្លាមៗផងដែរ ចំណែកម្ចាស់រថយន្តព្រូស មិនចង់មានរឿងវែងឆ្ងាយ បើកចេញទៅបាត់ដោយមិនទាមទារសំណង រីឯរថយន្ត ២គ្រឿងទៀត ត្រូវកម្លាំងជំនាញវាស់វែងស្ទូច យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមនីតិវិធី៕

មតិយោបល់