ព័ត៌មានជាតិ

រថយន្តដឹកម្សៅមីបើកបុកពីក្រោយរថយន្តដឹកអង្ករ កៀបជាប់អ្នកបើកបររបួសធ្ងន់ក្នុងកាប៊ីន

ភ្នំពេញៈ កាលពីវេលាម៉ោង ៥និង៣០នាទីព្រឹកថ្ងៃទី១១ ខែមិនា ឆ្នាំ២០២០ តាមមហាវិថីឈ្នះ ឈ្នះ ភូមិត្រពាំងធ្នង់ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ យ៉ាងហោចណាស់មនុស្សម្នាក់រងរបួសធ្ងន់ធ្ងរ កៀបជាប់ក្នុងកាប៊ីនរថយន្ត ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងរថយន្តសណ្តោងដឹកម្សៅមីបើកបុកពីក្រោយរថយន្តសណ្តោងដឹកអង្ករ។

តាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុរថយន្តសណ្តោងដឹកម្សៅមី ពណ៌ឈាមជ្រូក ពាក់ផ្លាកលេខ ភ្នំពេញ 3D-5072 បើកល្បឿនលឿន តាមមហាវិថីឈ្នះ ឈ្នះ ពីជើងទៅត្បូង ដល់ចំណុចកើតហេតុ សង្ស័យងងុយដេក ទើបជ្រុលទៅបុក ពីក្រោយរថយន្ត សណ្តោងដឹកអង្ករ ម៉ាកនីសាន់ ពណ៌ស ពាក់ផ្លាកលេខ ព្រះសីហនុ 3A-6633 ដែលបើកស្របទិសពីជើងទៅត្បូង ហើយកំពុងស៊ីញ៉ូ បំណងអែបស្តាំ បណ្តាលឲ្យរថយន្តបង្ក ដឹកម្សៅមីរួញកាប៊ីន កៀបជាប់អ្នកបើកបររងរបួសធ្ងន់ បែកក្បាល បាក់ជើង ដែលស្គាល់ឈ្មោះ ជៀម ហ៊ួត ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរបើកបររថយន្ត ស្នាក់នៅផ្ទះជួល ភូមិត្រពំងថ្លឹង២ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត ភូមិព្រៃឈរ ឃុំព្រៃឈរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម រងរបួសធ្ងន់ធ្ងរ ។

ក្រោយកើតហេតុ ខណៈដែលជនរងគ្រោះកៀបជាប់ក្នុងកាប៊ីន ត្រូវបានក្រុមសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ រួមជាមួយបងប្អូនប្រជាពលរដ្ឋ គាស់ទាញយកជនរងគ្រោះចេញ ហើយរថយន្តសង្គ្រោះ៧១១ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ រថយន្តទាំង២គ្រឿង មានមួយគ្រឿងខ្ទេចកាប៊ីន ដាច់ធ្លាក់ម៉ាស៊ីនដល់ដី ត្រូវបាន ប្រគល់ទៅឲ្យខាងការិយាល័យចរាចរណ៍ជើងគោកស្នងការក្រុង អូសយកទៅរក្សាទុក ដើម្បីកសាងឯកសាររង់ចាំដោះស្រាយតាមនីតិវិធី ៕

មតិយោបល់