ព័ត៌មានជាតិ

រថយន្តហាយឡាក់រីវ៉ូ បើកបត់ឆ្លងផ្លូវ ជ្រុលទៅបុកប្រាយតុន រងការខូចខាត

ភ្នំពេញ: កាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ ស្ថិតតាមផ្លូវបុរីអង្គរភ្នំពេញ ក្នុងភូមិត្រពាំងរាំង សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តពីរគ្រឿងបុកគ្នា បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ។

រថយន្តបង្កម៉ាកហាយឡាក់រីវ៉ូ ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2AX- 1339 បើកដោយឈ្មោះ ផាត សុផល ភេទប្រុស អាយុ៤០ឆ្នាំ ស្នាក់នៅសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ចំណែករថយន្តរងគ្រោះ ម៉ាកប្រាយតុន ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2AR- 3889 បើកដោយស្ត្រីម្នាក់ឈ្មោះ ឆាង សុខ ចាន់ អាយុ៣៥ ស្នាក់នៅសង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ដំណើររឿង៖ នៅមុនកើតហេតុគេឃើញ រថយន្តម៉ាក ហាយឡាក់រីវ៉ូ ធ្វើដំណើរពីត្បូងទៅជើង តាមមហាវិថីអង្គរ។ លុះមកដល់ចំណុចកើតហេតុ បានបត់ឆ្វេងឆ្លងផ្លូវ គាប់ជួនពេលនោះ មានរថយន្តរងគ្រោះ ធ្វើដំណើរពីជើងទៅត្បូងមកដល់ ក៏ត្រូវរថយន្តបង្ក បុកចំទ្វារខាងឆ្វេង បណ្តាលឲ្យម្ចាស់រថយន្តរងគ្រោះភ័យ បាត់បង់ម្ចាស់ការលើខ្លួនឯង ក៏រេចង្កូតឡើងសួន សំណាងល្អ ហេតុការណ៍នេះ មិនបង្កគ្រោះថ្នាក់ដល់នរណាទេ គ្រាន់តែខូចខាតរថយន្តប៉ុណ្ណោះ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានមកដល់ ឲ្យភាគីទាំងសងខាងសម្រួលគ្នា ដើម្បីបញ្ចប់រឿង ដោយភាគីរថយន្តបង្ក ចេញថ្លៃជួសជុលរថយន្តរងគ្រោះ៕

មតិយោបល់