ព័ត៌មានជាតិ

Update៖ ឃើញមិ​នស្រួលខុសធម្មតា ខំទៅជួយយកអាសា ស្រាប់តែប្រកាច់ស្លាប់ភ្លាមៗ

ភ្នំពេញៈ បុរសម្នាក់ មានជំងឺប្រចាំកាយជាយូឆ្នាំមកហើយ ទៅណាមិនរួច ដេកតែក្នុងបន្ទប់ជួល ស្រាប់តែប្រកាច់ស្លាប់ភ្លាមៗ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៩និង៣០ព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ នៅបន្ទប់ជួល ក្នុងផ្ទះឡ ភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ ម៉េង សុភាម៉ុន ភេទប្រុស អាយុ៣៥ ឆ្នាំ ស្នាក់នៅកន្លែងកើតហេតុ ជាបុរសពោះម៉ាយ។

តាមស្ត្រីម្នាក់ដែលទើបតែស្គាល់បុរសរងគ្រោះ និងជាអ្នកមើលថែរាល់ថ្ងៃ បានឱ្យដឹងថា ជនរងគ្រោះ មានជំងឺប្រចាំកាយជាយូឆ្នាំមកហើយ ដោយគាត់រស់នៅម្នាក់ឯង ដោយសារគាត់អាណិត ទើបសម្រេចចិត្តមករស់នៅជាមួយ ដើម្បីមើលថែ។

ប្រភពដដែលបានបន្តទៀតថា លុះមកដល់ថ្ងៃកើតហេតុ បុរសរងគ្រោះមានអាការមិនស្រួលខ្លួន ខុសពីធម្មតា ភ្លាមៗនោះរូបគាត់ ក៏ទៅសួរនាំ តែជនរងគ្រោះរុញគាត់ចេញ ហើយប្រកាច់ស្លាប់តែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចចុះមកដល់ចំណុចកើតហេតុ បានធ្វើកោសល្យវិច័យ បញ្ជាក់ថា មិនពាក់ព័ន្ធករណីឃាតកម្មទេ រួចក៏ប្រគល់សពទៅសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់