កណ្ដាលៈ យោងតាមផេកការិយាល័យ ផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នគរបាលចាប់ខ្លួនជនសង្ស័យ៣នាក់ បន្ទាប់ពីយកដាវកាប់ទៅលើបុរសម្នាក់ បណ្ដាលឲ្យរបួសធ្ងន់ ព្រោះខឹងគេបាញ់ជំពាម ត្រូវម៉ូតូរបស់ខ្លួន ។
ករណីនេះ បានកើតឡើងកាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង២០និង០៥នាទី ត្រង់ចំណុចភូមិថ្មី ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល។
មន្ត្រីនគរបាលស្រុកអង្គស្នួល បានឲ្យដឹងថា ជនសង្ស័យចាប់ខ្លួន បានមានគ្នា៣នាក់ ទី១-ឈ្មោះ សែម ស៊ី ធួន ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ (ជនដៃដល់) ទី២-ឈ្មោះ ភា សម័យ ភេទប្រុស អាយុ២០ឆ្នាំ និងទី៣-ឈ្មោះ ហ៊ន ចន្នី ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងដែក ។ ជនសង្ស័យទាំង៣នាក់ បច្ចប្បន្នស្នាក់នៅការដ្ឋានសំណង់ស្ថិតក្នុងភូមិព្រៃរំដួល ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល។
ចំណែកជនរងគ្រោះឈ្មោះ សុត សុភក្រ្តា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរជាងដែក និងម្នាក់ទៀតឈ្មោះ អឿន សុខណា ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងដែក ។ ជនរងគ្រោះទាំង២នាក់ មានទីលំនៅភូមិថ្មី ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល (បែកក្បាល)។
ប្រភពដដែលបន្តថា នៅមុនកើតហេតុ ជនសង្ស័យ បានជិះម៉ូតូទៅទិញទឹកត្នោតជូតាមផ្លូវដីឡូត៏ ដែលមានកញ្ចុះអង្គុយលេង ខណៈកំពុងជិះម៉ូតូ ស្រាប់តែមានគេបាញ់ ដោយជំពាមត្រូវចំ ម៉ូតូរបស់ខ្លួន ភ្លាមនោះក៏មានចិត្តខឹងយ៉ាងខ្លាំង លុះត្រឡប់មកវិញ ក៏ហៅបក្ខពួក៣នាក់ទៀត ប្រដាប់ដោយដាវ ខណៈឃើញម៉ូតូជនរងគ្រោះ ជិះមកដល់ ក៏នាំគ្នាស្ទាក់ម៉ូតូ ហើយកាប់ទៅលើជនរងគ្រោះឈ្មោះ អឿន សុខណា របួសត្រង់ក្បាលជាទម្ងន់ រួចវាយម៉ូតូបែកក្បាលខាងមុខ និងបែកស្តុបក្រោយបន្ថែមទៀតផង ។
ក្រោយពីមានហេតុការណ៍កើតឡើង ជនរងគ្រោះ ត្រូវបានក្រុមគ្រួសារ យកទៅសង្រ្គោះនៅមន្ទីរពេទ្យលោកសង្ឃ ។ ចំណែកជនសង្ស័យ៣នាក់ ត្រូវបាននគរបាលស្រុកអង្គស្នួល ធ្វើការចាប់ខ្លួន បញ្ជូនមកអធិការដ្ឋាន នគរបាលស្រុក ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់។ តាមចម្លើយសារភាព របស់ជនសង្ស័យឈ្មោះ សែម ស៊ី ធូ បានសារភាពថា ខ្លួននៅការដ្ឋានឈ្មោះ ហ៊ន ចន្នី មកពីទិញទឹកត្នោតជូរថា មានបាញ់នឹងជំពាម ត្រូវម៉ូតូទើបខ្លួន ខឹងយកដាវហើយហៅបក្ខពួក មកតាមកាប់តែម្តង៕
មតិយោបល់