ព័ត៌មានជាតិ

Updated៖ តូបលក់ដូរអាជីវករផ្សារបឹងកុក ជាច្រើនតូបត្រូវភ្លើងឆេះ ខណៈពេលនេះមិនទាន់ដឹងពីមូលហេតុ និងទំហំនៃការខូចខាតទេ

កំពង់ចាម: កាលពីវេលាម៉ោង ១១និង៣០នាទីយប់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ មានករណីអគ្គិភ័យត្រង់ចំណុចផ្សារបឹងកុក ភូមិទី៧ ឃុំបឹងកុក ក្រុង/ខេត្តកំពង់ចាម។

ក្នុងហេតុការណ៍នេះលោក អ៊ុន ចាន់ដា អភិបាល នៃគណ:អភិបាលខេត្តកំពង់ចាម និងលោក ឯម កុសល បានដឹកនាំបញ្ជាផ្ទាល់ ឲ្យចេញរថយន្តអគ្គិភ័យខេត្តកំពង់ចាមចំនួន ៣គ្រឿង រថយន្តអធិការដ្ឋាននគរបាលស្រុកជើងព្រៃ ១គ្រឿង បាធាយ ២គ្រឿង ព្រៃឈរ ២គ្រឿង កំពង់សៀម ១គ្រឿង ចម្ការលើ១គ្រឿង កងមាស ១គ្រឿង ស្ទឹងត្រង់ ១គ្រឿង កោះសូទិន ១គ្រឿង ចេញប្រតិបត្តិការជាបន្ទាន់ ដោយមានការដឹកនាំមកពីសំណាក់លោកអធិការ-អធិការរងដោយផ្ទាល់ផងដែរ។

ខណ:នោះដែរ ដោយមើល ឃើញពីវិសាលភាព នៃអគ្គិភ័យនេះមានទំហំធំធេង លោកស្នងការ ក៏បានសុំការជួយការអន្តរាគមន៍ ពីលោកស្នងការនគរបាលខេត្តត្បូងឃ្មុំ លោកក៏បានជួយសម្រួលផ្ដល់ជូនរថយន្តអគ្គិភ័យរបស់ខេត្តត្បូងឃ្មុំ ចំនួន ៤គ្រឿង ជាបន្ទាន់ផងដែរ។

សរុបរថយន្តដែលប្រើប្រាស់ ក្នុងប្រតិបត្តិការនេះ គឺមានចំនួន ១៧គ្រឿង ប្រើទឹកអស់ ៣៦សឺទែន និងប្រើប្រាស់កម្លាំងអន្តរាគមន៍វេនប្រចាំបញ្ជារបស់ស្នងការដ្ឋាននគរបាលខេត្ត កម្លាំងផែនសណ្ដាប់ធ្នាប់ អគ្គិភ័យ កម្លាំងរបស់អធិការដ្ឋាននគរបាលក្រុងកំពង់ចាម សរុបរួម ១៩២នាក់ ។

អគ្គិភ័យនេះ គ្រប់គ្រងបានទាំងស្រុងនៅវេលាម៉ោង ១និង៣៥នាទីទៀបភ្លឺ ដែលប្រតិបត្តិការនេះចំណាយអស់រយ:ពេលជាង ២ម៉ោង។

សូមបញ្ជាក់៖ ទំហំនៃការខូចខាត និងដើមហេតុ ដែលបណ្ដាលឲ្យកើតអគ្គិភ័យ រង់ចាំសមត្ថកិច្ចជំនាញ ធ្វើការសនិ្នដ្ឋាន និងវាយតម្លៃពេលក្រោយ ៕

មតិយោបល់