តាកែវៈ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ៨និង៣០នាទី ស្ថិតលើផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ៦៧-៦៨ ក្នុងភូមិស្រង៉ែ ឃុំឧត្តមសុរិយា ស្រុកត្រាំកក់ ខេត្តតាកែវ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងម៉ូតូ និងម៉ូតូនិងរថយន្ត ក្នុងទិសដៅបញ្ច្រាសទិសគ្នា។
ម៉ូតូមួយគ្រឿងម៉ាក ហុងដា C125 ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ផ្លាកលេខ តាកែវ 1N-3613 បើកបរដោយឈ្មោះ ជាង សម្បត្តិ ភេទប្រុស អាយុ ៣៧ឆ្នាំ មុខរបរកម្មកររោងចក្រ នៅភូមិថ្មកែវ ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ (រងរបួសធ្ងន់) មានឌុបមនុស្សម្នាក់ពីក្រោយឈ្មោះ ម៉ម ចន្ថា ភេទស្រី អាយុ ៣២ឆ្នាំ មុខរបរកម្មការនីរោងចក្រ នៅភូមិឃុំជាមួយគ្នា (រងរបួសធ្ងន់) ដែលបើកបរមកពីទិសខាងជើង លុះបើកបរមកដល់ចំណុចខាងលើ ក៏បានឡើងវ៉ារថយន្តកុងទឺន័រមួយគ្រឿង រួចក៏ជ្រុលទៅបុកគ្នាជាមួយម៉ូតូមួយគ្រឿងម៉ាក អឹមអែសអិច ពណ៌ខ្មៅ គ្មានពាក់ផ្លាកលេខ បើកបរដោយឈ្មោះ វេង ម៉ាញ ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរកសិករ នៅភូមិប្របសៀម ឃុំឧត្តមសុរិយា ស្រុកត្រាំកក់ ខេត្តតាកែវ (រងរបួសធ្ងន់) ដែលបើកបរមកពីទិសខាងត្បូង។
ក្រោយពេលបុកគ្នារួចម៉ូតូម៉ាកហុងដាខាងលើក៏បានដួលចូលពីមុខរថយន្តកុងទឺន័រដែលខ្លួនបានឡើងវ៉ានោះ រថយន្តនោះម៉ាក ហ៊ីណូ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3E-6306 មានសណ្តោងកុងទឺន័រ គ្មានពាក់ផ្លាកលេខ (អ្នកបើកបរគេចខ្លួនបាត់) ដែលបើកបរមកពីទិសខាងជើង អ្នករបួសទាំងអស់ត្រូវបានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកក្រុងដូនកែវ។
ក្រោយពេលកើតហេតុសមត្ថកិច្ច ចុះមកដល់រួចកសាងសំណុំរឿងទៅតាមនីតិវិធី រីឯវត្ថុតាងរថយន្តនិងម៉ូតូទាំងពីរគ្រឿងខាងលើ ត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកត្រាំកក់៕


មតិយោបល់