ព័ត៌មានជាតិ

សង្ស័យស្រវឹង បើករថយន្តវ៉ាជែង បុករ៉ឺម៉កម៉ូតូផ្ទប់នឹងដើមក្ងោក រងរបួសធ្ងន់២នាក់

ភ្នំពេញ: កាលពីវេលាម៉ោង ១០និង៤០នាទីយប់ថ្ងៃទី១២ ខែមីនាឆ្នាំ២០២០ លើដងផ្លូវលេខ២៧១ មានករណីរថយន្តបុករ៉ឺម៉កម៉ូត បណ្តាលឲ្យរបួសធ្ងន់២នាក់ ក្នុងសង្កាត់ទួលទំពូង២ ខណ្ឌចម្ការមន រាជធានីភ្នំពេញ ។

រថយន្តបង្កម៉ាកកាម៉ារីបាឡែន ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2Q8765 បើកបរដោយឈ្មោះ មិន សុខខុម ភេទប្រុសអាយុ២២ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនឯកជន ស្នាក់នៅផ្ទះលេខ៧៩៦ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយមាននារីមិនស្គាល់អត្តសញ្ញាណម្នាក់ រួមដំណើរជាមួយ។ ចំណែកជនរងគ្រោះ២នាក់ ដែលជិះរ៉ឺម៉កម៉ូតូ មិនស្គាល់អត្តសញ្ញាណនោះទេ ។

ដំណើររឿង៖ ដំបូងទ្បើង គេឃើញបុរស២នាក់ ជិះម៉ូតូសណ្តោងរ៉ឺម៉ក ដឹកកៅអីការ ធ្វើដំណើរពីជើងទៅត្បូងតាមផ្លូវ២៧១។ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែ មានរថយន្តកាម៉ារីបាឡែន ពណ៌ខ្មៅ ធ្វើដំណើរស្របទិសគ្នា បានវ៉ាជែងរ៉ឺម៉កតែមិនផុត ក៏ជ្រុលទៅកៀររ៉ឺម៉កម៉ូតូពីក្រោយ រុញផ្ទប់នឹងដើមក្ងោក ធ្វើឲ្យឲ្យអ្នកជិះ និងកៅអីការ ខ្ទាតបាក់របាត់រប៉ាយពេញផ្លូវ រងរបួសធ្ងន់ ។

ចំណែករថយន្តបង្ក មិនទាន់អស់ល្បឿនទេ បានបន្តជ្រុលទៅបុកទ្វារផ្ទះអ្នកលក់គ្រឿងសំណង់ បណ្ដាលឲ្យរងការខូចខាតអស់២ប្រឡោះ ។ ភ្លាមៗនោះ ជនរងគ្រោះទាំង២នាក់ ត្រូវបានដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យផងដែរ។

ក្រោយកើតហេតុ អ្នកបើករថយន្ត និងវត្ថុតាង ត្រូវសមត្ថកិច្ចនាំយកទៅកាន់នៅនគរបាលចរាចរណ៍រាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយតាមផ្លូវច្បាប់៕

មតិយោបល់