ព័ត៌មានជាតិ

នារីជាជំនួយការស្មៀនឃុំអូរបីជាន់ម្នាក់ ត្រូវបានជនមិនស្គាល់មុខចាប់ បាត់ខ្លួន១យប់២ថ្ងៃ មិនទាន់ដឹងដំណឹង

បន្ទាយមានជ័យៈ​ យោងតាមផេករបស់អគ្គស្នងការ ដ្ឋាននគរបាលជាតិបានឲ្យដឹងថា នារីជាជំនួយការស្មៀនឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ត្រូវជនមិនស្គាល់មុខចាប់ឡើងរថយន្តនៅវេលាម៉ោង៦និង២០នាទីយប់ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ រហូតមកទល់ល្ងាចថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០នេះ នៅមិនទាន់ដឹងដំណឹងនៅឡើយ។

លោកវរសេនីយ៍ទោ សែស វិបុល អធិការនគរបាល ស្រុកអូរជ្រៅ បានឲ្យដឹងថា នារីរងគ្រោះឈ្មោះ អឿន ស្រីនិច អាយុ២៤ឆ្នាំ ជាកូនកំព្រា នៅជាមួយម្តាយមីង នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ សព្វថ្ងៃបំរើការជាជំនួយការស្មៀនឃុំអូរបីជាន់ ស្រុកអូរជ្រៅ ។

អធិការនគរបាល ស្រុកអូរជ្រៅ គឺលោកវរសេនីយ៍ទោ សែស វិបុល បានបន្តថា ក្រោយពីមានករណីចាប់នារីរងគ្រោះឈ្មោះ អឿន ស្រីនិច កម្លាំងនគរបាលស្រុកអូរជ្រៅ និង កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋ បាលឃុំអូរបីជាន់ បានចុះធ្វើការស្រាជ្រាវជុំវិញករណីនេះ ។ នៅមុនពេលកើតហេតុថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ គឺនារីរងគ្រោះបានជិៈម៉ូតូជាមួយ ក្មេងស្រី លាង សុគន្ធា អាយុ១០ឆ្នាំ យកឡេទៅឲ្យគេនៅអូរបីជាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ពេលត្រឡប់មកវិញជិតដល់ផ្ទះ ស្រាប់តែមានជនសង្ស័យចំនួន២នាក់ ក្តាប់ អត្តសញ្ញាណមិនបាន បើករថយន្តកាម៉ារីពណ៌ខ្មៅ ក្តាប់ស្លាកលេខមិនបាន បានហៅម៉ូតូឲ្យឈប់ ចម្ងាយ៣០ម៉ែត្រ ដើម្បីនិយាយគ្នា ពេលនោះនារីរងគ្រោះនិយាយថា យើង មិនដែលស្គាល់គ្នាផង ហើយជនសង្ស័យម្នាក់បានចុះពីលើរថយន្តចាប់នារីរងគ្រោះដោយនិយាយថា អូនឯងធ្វើបាបចិត្តបងណាស់ រួចទាញចូលក្នុងរថយន្តបើកចេញទៅបាត់ ។

លោកអធិការបានបញ្ជាក់ថា ឆ្លងតាមការស្រាវជ្រាវ នារីរងគ្រោះធ្លាប់មានសង្សារ ហើយបានភ្ជាប់ពាក្យជាមួយបុរសម្នាក់ឈ្មោះគុណ សារ៉ាក អាយុ២៤ឆ្នាំ ភេទប្រុស នៅភូមិ និមិត្ត១ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩មកម៉្លេះនិងរៀបការនៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០នេះ។ បើទោះបីជាបានភ្ជាប់ពាក្យជាមួយបុរសឈ្មោះ គុណ សារ៉ាក់ រួចហើយក្តី តែសង្សារចាស់ឈ្មោះ សៀន ភារ័ត្ន នៅតែឧស្សាហ៍ឆាតមករកនាង ។ ទាក់ទិននឹងករណីចាប់នារីរងគ្រោះឈ្មោះ អឿន ស្រីនិច នេះ គឺជាករណីនាំ ពង្រត់ ឬក៏ជាករណីរត់តាមសង្សារចាស់ ដែលមានឈ្មោះ សៀន ភារ័ត្ននោះយ៉ាងណាទេ ព្រោះកំពុងធ្វើតែស្រាវជ្រាវឲ្យបានច្បាស់លាស់៕

 

មតិយោបល់