ព័ត៌មានជាតិ

បើកហ្គាសស្ងោរស្ករចោលបង្កជាអគ្គិភ័យឆាបឆេះផ្ទះមួយខ្នងនៅស្រុកអង្គរជុំ

សៀមរាបៈតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមឲ្យដឹងថានៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង​១៥និង១៥នាទី មានករណីអគ្គិភ័យ ភ្លើងឆេះផ្ទះនៅភូមិទំលាប់ ឃុំគោកដូង ស្រុកអង្គរជុំ ខេត្តសៀមរាប ។
លោកឧត្តមសេនីយ៍ត្រី ភឹង សម្បត្តិ ស្នងការរងទទួលការិយាល័យនគរបាលបង្ការ ពន្លត់អគ្គិភ័យ និង សង្គ្រោះ បានអោយដឹងថា : មានករណីអគ្គិភ័យកេីតឡេីងនៅស្រុកអង្គរជុំ ដែលបណ្តាលមកបើកហ្គាសស្ងោរទឹកស្ករទុកចោល ។
ម្ចាស់ផ្ទះឈ្មោះ ប្លោក ហ៊ៅ ភេទប្រុស អាយុ ៥៧ឆ្នាំ (ជាអនុភូមិទំលាប់) និងមានប្រពន្ធឈ្មោះ សុច លឿ អាយុ៦០ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ។
កម្លាំងប៉ុស្តិ៍រដ្ឋបាល កម្លាំងប្រជាការពារ និងប្រជាពលរដ្ឋ បានសហការគ្នាជួយអន្តរាគមន៍ពន្លត់ ដោយប្រើប្រាស់ទុយោទឹកបាញ់ពន្លត់បានជាស្ថាពរនៅវេលាម៉ោង១៦:០០នាទី ថ្ងៃខែឆ្នាំដដែល តែមិនបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ អធិការដ្ឋាននគរស្រុកអង្គរជុំទេ ដោយសារពីអធិការដ្ឋាននគរស្រុកអង្គរជុំ ទៅកន្លែងកើតហេតុ មានចម្ងាយចំនួន ១៥គីឡូម៉ែត្រ ហើយស្ថានភាពផ្លូវមិនអំណោយផល ។
លោកឧត្តមសេនីយ៍ត្រីបានបន្តទៀតថា ករណីអគ្គិភ័យនេះបានបណ្តាលអោយរងការខូចខាត:
– ផ្ទះទំហំប្រវែង៦ម៉ែត្រ x ៦.៥ម៉ែត្រ ដំបូលប្រក់ស័ង្កសី ជញ្ជាំងក្តារ ឆេះខូចខាត៨០%
– ឆេះស្រូវអស់ ចំនួន ៣ការ៉ុង
– ប្រាក់ខ្មែរ ចំនួន ១លានរៀល
– ឆេះសម្លៀកបំពាក់ កន្ទេល ភួយ មុង នឹងសម្ភារះប្រើប្រាស់មួយចំនួនទៀត ៕

មតិយោបល់