ព័ត៌មានជាតិ

មនុស្សមួយក្រុម បានអះអាងថា ជាប៉ូលីសបង្ក្រាបករណីគ្រឿងញៀន ត្រូវបានប្រជាពលរដ្ឋធ្វើការឡោមព័ទ្ធ បន្ទាប់ពីវាយទៅលើប្រជាពលរដ្ឋម្នាក់

កំពង់ស្ពឺ៖ មានមនុស្សមួយក្រុម ដែលគ្មានឯកសណ្ឋាន បានទៅអះអាងថា ជាមន្ត្រីនគរបាលក្រសួងចុះបង្ក្រាបករណីគ្រឿងញៀន តែត្រូវបានប្រជាពលរដ្ឋធ្វើការឡោមព័ទ្ធ បន្ទាប់ពីវាយទៅលើប្រជាពលរដ្ឋម្នាក់ដែលពួកគេសង្ស័យថា មានជាប់ពាក់ពន្ធ័នឹងគ្រឿងញៀន។ ករណីនេះ បានកើតឡើងនៅកណ្តាលយប់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ នៅមុខវត្តអង្គតាឡឹក ក្នុងឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ពលរដ្ឋដែលស្ថិតក្នុងហេតុការណ៍នោះ បាននិយាយថា មានមនុស្សមួយក្រុម បានអះអាងថា ខ្លួនជាមន្ត្រីប៉ូលីសនៃក្រសួងមហាផ្ទៃផ្នែកបង្ក្រាបគ្រឿងញៀន។ ក្នុងចំណោមមនុស្សមួយក្រុមនោះ មានម្នាក់ដែលកាន់កាំភ្លើងក្នុងដៃ ដែលគ្មានឯកសណ្ឋាន។ ពួកគេបានធ្វើសកម្មភាពទះកំភ្លៀងលើឈ្មោះ ភឿង ឈឿង រស់ក្នុងភូមិអង្គឡឹក ឃុំសំបូរ ស្រុកសំរោងទង និងឈ្មោះ ញ៉េន រហូតជ្រុះទូរស័ព្ទពីដៃ។

ជុំវិញករណីនេះ ផ្តើមចេញពីក្រុមជនរងគ្រោះ ដោយពួកគេបានអង្គុយជុំគ្នាផឹកស៊ីលេងសប្បាយនៅម្ខាងផ្លូវជាតិលេខ៥១ ក្រោយមកក៏លេចវត្តមានរថយន្តហាយឡិនឌ័រមួយគ្រឿងពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ២-AI២០៦៩ មកឈប់នៅម្ខាងផ្លូវ ត្រង់ចំណុចដែលជនរងគ្រោះកំពុងផឹកស៊ី។

ដោយមានការសង្ស័យ(ព្រោះទីតាំងធ្លាប់មានចោរប្លន់ម៉ូតូ) ជនរងគ្រោះបានដើរឆ្លងផ្លូវទៅសាកសួរ (បងមកពីខាងណា?) ភ្លាមនោះបុរសម្នាក់ដែលអះអាងថា ជាមន្ត្រីនគរបាល បានចេញមកវាយពួកគេតែម្តង ដោយនិយាយថា គេមកពីក្រសួងមហាផ្ទៃ ផ្នែកបង្ក្រាបគ្រឿងញៀន ថែមទាំងបានអាមេកាំភ្លើងចំនួន ២ដង គំរាមបាញ់សម្លាប់ជនរងគ្រោះផងដែរ។ ដោយឃើញហេតុការណ៍មិនស្រួល ជនរងគ្រោះក៏បានហៅបងប្អូនអ្នកភូមិមកស្ទាក់រថយន្តជាប់មិនឱ្យទៅណាបានឡើយ ហើយក៏សុំអន្តរាគមន៍ពីកម្លាំងអធិការដ្ឋាននគរបាលស្រុកសំរោងទង។

លោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១ ថា ករណីប៉ះទង្គិចនោះ ផ្តើមឡើងរវាងលោកវរសេនីយ៍ត្រី ម៉ុន ជាតិ ជាមន្ត្រីនគរបាលពិតមែន ដែលស្ថិតក្នុងអង្គភាពកីឡា មិនមែនផ្នែកគ្រឿងញៀនដូចពលរដ្ឋប្រាប់នោះទេ។

ការប៉ះទង្គិចនេះអាចបណ្តាលមកពីការភាន់ច្រឡំ និងបង្កឡើងពីពលរដ្ឋដែលផឹកស៊ីស្រវឹងទន់ទោរជ្រុល។ មន្ត្រីប៉ូលីសដែលគេទៅចតរថយន្តក្បែរនោះដោយសារការរងចាំយកកម្មករ មិនមានចេតនាណាមួយទៅបង្កការភ័យខ្លាចដល់ពលរដ្ឋនោះទេ។

លោកឧត្តមសេនីយ៍ទោ សម សាមួន ក៏បានបញ្ជាក់ដែរថា ជុំវិញករណីប៉ះទង្គិចរវាងពលរដ្ឋ និងមន្ត្រីនគរបាលខាងលើ ការិយាល័យជំនាញព្រហ្មទណ្ឌកំពុងតែសម្របសម្រួល និងចាត់ការលើករណីនេះហើយ ដោយនៅម៉ោង២រសៀលថ្ងៃទី២៧ ខែវិច្ឆិកា នឹងមានការជួបគ្នារវាងពលរដ្ឋ និងមន្ត្រីប៉ូលីស៕

 

 

មតិយោបល់