ព័ត៌មានជាតិ

អគ្គិភ័យឆាបឆេះឃ្លាំងលក់គ្រឿងសង្ហារឹម បណ្តាលឲ្យរងការខូចខាត នៅខណ្ឌសែនសុខ

ភ្នំពេញៈ កាលពីវេលាម៉ោង ២និង១០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ ត្រង់ចំណុចដេប៉ូយីហោ បញ្ញា លក់គ្រឿងសង្ហារឹម តាមបណ្តោយផ្លូវ៥៨P ស្ថិតក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានករណីអគ្គិភ័យឆាបឆេះឃ្លាំងស្ដុបឈើ និងដំឡើងគ្រឿងសង្ហារឹម។

តាមប្រភពព័ត៌មានពីបុរសម្នាក់ដែលជាជាងដំឡើងគ្រឿងសង្ហារឹម នៅក្នុងដេប៉ូកើតហេតុ បានរៀបរាប់ប្រាប់ឲ្យដឹងថា ឃ្លាំងផ្នែកខាងក្រោយដែលត្រូវ ភ្លើងឆាបឆេះគឺជា កន្លែងស្តុបឈើដំឡើងគ្រឿងសង្ហារឹម និងបន្ទាប់ស្នាក់នៅរបស់ជាង។ ហើយនៅមុនពេលកើតហេតុគឺមានជាងចំនួន ៣នាក់បានស្នាក់នៅក្នុងបន្ទប់ នៃឃ្លាំងកើតហេតុខាងលើ លុះមកដល់វេលាកើតហេតុ ខណៈពេលដែលពួកគាត់កំពុងតែដេកលង់លក់ ក៏ស្រាប់តែមាន ធំក្លិនឈ្ងៀម និងមានផ្សែងហុយខ្មួលខ្មាញ់ពេញខាងក្នុងឃ្លាំង បន្ទាប់មកពួកគាត់ក៏បានដាស់គ្នាងើបចេញទៅលើ ស្រាប់តែឃើញភ្លើងកំពុងតែឆាបឆេះ យ៉ាងសន្ធោសន្ធៅ នៅផ្នែកខាងក្រោយចំហៀងខាងលិច នៃឃ្លាំងកើតហេតុភ្លាមៗ នោះពួកគាត់ក៏ប្រញាប់ប្រញាល់នាំគ្នារត់ចេញមកខាងក្រៅ និងស្រែក ឆោឡោ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចមូលដ្ឋាន ចុះមកធ្វើការអន្តរាគមន៍ផងដែរ បន្ទាប់មកភ្លើងបានឆាបឆេះកាន់តែខ្លាំង ឡើងៗ ទើបសមត្ថកិច្ចមូលដ្ឋាន បានធ្វើការទាក់ទងហៅរថយន្តពន្លត់អគ្គិភ័យ ឲ្យចុះមកជួយអន្តរាគមន៍បាញ់ទឹកពន្លត់ ។ ភ្លាម ៗ នោះក៏ឃើញមាន រថយន្តពន្លត់អគ្គិភ័យ ២០គ្រឿង ចុះមកអន្តរាគមន៍ ដោយក្នុងនោះមានរថយន្តរបស់ការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ នៃអគ្គស្នងការនគរបាល រាជធានីភ្នំពេញ បានចុះមកចំនួន ១៩គ្រឿង និងបានប្រើប្រាស់ទឹកអស់ចំនួន ២៤គ្រឿង រថយន្តពន្លត់អគ្គិភ័យរបស់ក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន ១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ១គ្រឿង ហើយដោយប្រើប្រាស់រយៈពេលបាញ់ទឹកពន្លត់អស់ប្រមាណជាង ១ម៉ោង ទើបភ្លើងបានរលត់ទៅវិញជា ស្ថាពរនៅម៉ោង ៣និង១៥នាទីថ្ងៃដដែល ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ដេប៉ូលក់គ្រឿងសង្ហារឹមខាងលើមានម្ចាស់ឈ្មោះ សន ចាន់ផាណាវុធ ភេទប្រុស អាយុ ៣២ឆ្នាំ ស្នាក់នៅសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ។ ហើយហេតុការណ៍អគ្គិភ័យខាងលើ មិនបណ្ដាលឲ្យមាននរណាម្នាក់រងរបួស ឬឆេះរាលដាលដល់ផ្ទះអ្នក ជិតខាងនោះ ទេ គឺឆេះតែរោងដែកប្រក់សង្ក័សីទំហំ ១៥ម៉ែត្រគុណ១៤ម៉ែត្រ រួមជាមួយឈើ និងគ្រឿងសង្ហារឹមមួយចំនួន តូចដែលនៅខាងក្នុង ត្រូវ ខូចខាតអស់ទាំងស្រុង ។

មូលហេតុ៖ បណ្ដាលមកពីឆ្លងចរន្តអគ្គិសនី៕

មតិយោបល់