ព័ត៌មានជាតិ

ប្រជាពលរដ្ឋជាង ១០០គ្រួសារ សហការគ្នាវាយកម្ទេចទីតាំងល្បែងហ្គេមបាញ់ត្រី ២កន្លែង នៅខណ្ឌឫស្សីកែវ

ភ្នំពេញៈ នៅវេលាម៉ោង ១១និង១០នាទីព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ ស្ថិតត្រង់ផ្ទះគ្មានលេខ ផ្លូវលំក្រុមទី៧ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មានករណីពលរដ្ឋវាយកម្ទេចកន្លែងហ្គេមបាញ់ត្រីចំនួន ២កន្លែង។

យោងតាមប្រភពព័ត៌មានពីពលរដ្ឋបានឲ្យដឹងថា ទីតាំងហ្គេមបាញ់ត្រីខាងលើ លួចលាក់បើកដំណើរការជាច្រើនឆ្នាំមកហើយ មានជនញៀនល្បែងជាច្រើនចូលមកលេង បង្កការភាពរញ៉េរញ៉ៃ រំខានមិនថាយប់ឫថ្ងៃ កើតមានអំពើចោរកម្ម លួច ឆក់ ប្លន់ ហើយសមត្ថកិច្ចដូចជាគ្មានការខ្វាយខ្វល់។

កាលពីយប់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ មានជនសង្ស័យមួយក្រុមមានគ្នាចំនួន ៦នាក់ ប្រដាប់ដោយដាវសាំម៉ូរ៉ៃ បានដើរចេញមកពីក្នុងទីតាំងហ្គេមបាញ់ត្រីខាងលើ ធ្វើសកម្មភាពគំរាមប្លន់យកទូរស័ព្ទដៃចំនួន ២គ្រឿងពីអ្នកភូមិដែលកំពុងអង្គុយលេងនៅខាងមុខផ្ទះ និងបានកាប់បំផ្លាញម៉ូតូចំនួន ២គ្រឿងទៀត បណ្តាលឲ្យរងការខូចខាត ដូច្នេះហើយ ធ្វើឲ្យប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិមានការខឹងសម្បារ និង ដោយសារតែអស់ទំនុកចិត្តលើសមត្ថកិច្ចមូលដ្ឋាន ។ លុះមកដល់វេលាកើតហេតុ ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិប្រមាណជាង ១០០គ្រួសារ បានសម្រេចចិត្តនាំគ្នាទៅវាកម្ទេចទីតាំងហ្គេមបាញ់ត្រីទាំង ២ខាងលើ និងទូហ្គេមបាញ់ត្រីចំនួន ៤គ្រឿង បណ្តាលឲ្យខូចខាតតែម្តង។

សូមបញ្ជាក់៖ ករណីនេះដោយសារតែសមត្ថកិច្ចមិនខ្វាយខ្វល់ និងទីតាំងល្បែងហ្គេមបាញ់ត្រីដុះស្លែ បង្កឲ្យមានអំពើចោរកម្ម ពលរដ្ឋពិបាកក្នុងការរស់នៅ និងសូមណូមពរដល់អាជ្ញាធរមូលដ្ឋានមេត្តា ជួយចុះអន្តរាគមន៍ផង៕

មតិយោបល់