ព័ត៌មានជាតិ

ទឹកដោះគោជូរ និងទឹកក្រូច ខូចគុណភាពហួសកាលបរិច្ឆេទប្រើប្រាស់ជាច្រើនត្រូវបានមន្រ្តីសាខាកាំកុងត្រូលខេត្តឧត្តរមានជ័យ ធ្វើការដកហូត

ឧត្តរមានជ័យៈ យោងតាមផេករបស់អគ្គនាយកដ្ឋានកាំកុងត្រូលបានឲ្យដឹងថា នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ មន្រ្តីសាខាកាំកុងត្រូលខេត្តឧត្តរមានជ័យ បានសហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត បានចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ ដោយបានត្រួតពិនិត្យទៅលើទំនិញវេចខ្ចប់ស្រាប់នៅតាមបណ្ដា ម៉ាត និងស្តង់លក់ភេសជ្ជៈ នៅភូមិឈូក សង្កាត់សំរាង ក្រុងសំរោង ខេត្ដឧត្ដរមានជ័យ។

គោលដៅសំខាន់នៃការត្រួតពិនិត្យគឺដើម្បីស្រាវជ្រាវទប់ស្កាត់ការចរាចរណ៍ទំនិញខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា ផុតកំណត់កាលបរិច្ឆេទប្រើប្រាស់ និងមានសារធាតុគីមីហាមឃាត់ ។ ក្នុងសកម្មភាពនេះ មន្ត្រីជំនាញបានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោមនៅលើសំបកវេចខ្ចប់ផលិតផលម្ហូបអាហារផងដែរ ។

*ជាលទ្ធផលនៃការត្រួតពិនិត្យ មន្ត្រីជំនាញបានរកឃើញទឹកក្រូចចំនួន ៤៨៨ ដប និងទឹកដោះគោជូរចំនួន ១៨ ដប ដែលខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់។ បន្ទាប់មក មន្ត្រីកាំកុងត្រូលបានធ្វើកំណត់ហេតុដកហូត ទំនិញទាំងនោះយកទៅរក្សាទុក ដើម្បីធ្វើការដុតកម្ទេចចោលនៅពេលក្រោយ។

ទន្ទឹមនឹងនោះមន្ត្រីជំនាញ បានធ្វើការណែនាំដល់អាជីវករ ឱ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕

 

មតិយោបល់