ព័ត៌មានជាតិ

រថយន្ត FORD RAPTER បើកបុកសួនច្បារស្ថានីយប្រេងឥន្ធនៈភីធីធី បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញៈ នាវេលាម៉ោង ១១និង៥០នាទីយប់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២ មានករណីរថយន្តស៊េរីទំនើប FORD RAPTER មួយគ្រឿងបើកបោះពួយយ៉ាងលឿន ខ្វះការប្រុងប្រយ័ត្នក៏ជ្រុលចង្កូតទៅបុកឡើងសួនច្បារស្ថានីយប្រេងឥន្ធនៈភីធីធី រងការខូចខាតយ៉ាងដំណំ។ ហេតុការណ៍នេះ ស្ថិតត្រង់ចំណុចខាងមុខស្ថានីយប្រេងឥន្ធនៈភីធីធី តាមបណ្ដោយផ្លូវ៥៩៨កែងនិងផ្លូវ១៨០០ ក្នុងសង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់ បើកបររថយន្តមួយគ្រឿងម៉ាក FORD RAPTER ពណ៌ទឹកក្រូច ពាក់ស្លាកលេខ កម្ពុជា MCH.8586 ធ្វើដំណើរតាមបណ្តោយផ្លូវ៥៩៨ទិសដៅពីជើងទៅត្បូងនិងក្នុងល្បឿនយ៉ាងលឿន។ លុះដល់ចំណុចកើតហេតុរថយន្តនោះ ក៏ស្រាប់តែរេចង្កូតជ្រុលទៅខាងស្តាំទៅបុកឡើងលើសួនច្បារ របស់ស្ថានីយប្រេងឥន្ធនៈភីធីធី បណ្តាលឲ្យខូចខាតផ្កាលម្អសួនច្បារ និងទ្វាររូតប្រវែងវែងៗចំនួនពីរទៅបីផ្ទាំង បានបាក់ខូចខាត ចំណែកឯរថយន្តបានរងការខូចខាតផ្នែកខាងមុខស្ទើរទាំងស្រុង។ បន្ទាប់មកអ្នកបើកបររថយន្តក៏បានចុះមករួចក៏កាច់យកស្លាកលេខរថយន្ដ ហើយចាកចេញពីកន្លែងកើតហេតុបាត់ស្រមោលតែម្ដង។

ក្រោយពេលកើតហេតុក៏មានតំណាងខាងរថយន្ត បានមកជួបចរចាគ្នាជាមួយខាងស្ថានីយប្រេងឥន្ធនៈភីធីធី ដោយព្រមជួសជុលការខូចខាតឲ្យស្ថានីយប្រេងឥន្ធនៈភីធីធីឡើងវិញ ដើម្បីបញ្ចប់រឿងនៅនិងកន្លែងកើតហេតុ៕

មតិយោបល់