ព័ត៌មានជាតិ

ជនជាតិឥស្លាមម្នាក់បាត់ពីផ្ទះ ២ថ្ងៃ ស្រាប់តែប្រទះឃើញសពអណ្ដែតទឹក នៅស្រុកកែវសីមា

មណ្ឌលគិរីៈ នៅវេលាម៉ោង ៣ទៀបភ្លឺ ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ មានករណីបាត់មនុស្សឈ្មោះ ហៀត ហ្វាស៊ី អាយុ ២៨ឆ្នាំ ជនជាតិ ឥស្លាម មុខរបរកសិករ រហូតដល់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ នៅវេលាម៉ោង ៧និង១០នាទីព្រឹក មានប្រជាពលរដ្ឋប្រទះឃើញសាកសពអណ្ដែតទឹក បានទៅហៅសាច់ញាតិបងប្អូនថា បានឃើញសាកសពអណ្ដែតទឹក នៅចំណុចក្រោយផ្ទះប្រជាពលរដ្ឋមួយកន្លែង ស្ថិតក្នុងភូមិឆ្នែង ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

ក្រោយពីសាច់ញាតិបានទៅដល់ក៏បានពិនិត្យឃើញថា សាកសពពិតជាមនុស្សដែលបានបាត់ខ្លួនខាងលើពិតប្រាកដមែន ក៏បានរាយការណ៍ទៅសមត្ថកិច្ច ចុះមកពិនិត្យនិងធ្វើកោសល្យវិច័យលើសាកសព រួចហើយកម្លាំងជំនាញ នៃអធិការរដ្ឋាននគរបាលស្រុកកែវសីមា និង ដោយមានការសួរនាំពីបងប្អូនសាច់ញាតិ និងចង្អុលបង្ហាញពីសាច់ញាតិថា ពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន ពុំមានការពាក់ព័ន្ធទៅលើករណីឃាតកម្មអ្វីឡើយ។

សូមបញ្ជាក់៖ សាកសពខាងលើ មុនពេលកើតហេតុមានអាការៈ រវើរវាយដូចជាមនុស្សសតិមិនគ្រប់។

បច្ចុប្បន្នសាកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់