ភ្នំពេញៈ បុរសម្នាក់បើកម៉ូតូមួយគ្រឿង ក្នុងល្បឿនលឿនបានជ្រុលទៅបុកម៉ូតូមួយគ្រឿងជិះដោយបុរសម្នាក់ជាអ្នករត់ម៉ូតូឌុបកំពុងឈប់ស្របគ្នាហៅម៉ូយចំពីក្រោយពេញទំហឹង បណ្ដាលបោកនិងថ្នល់រងរបួសធ្ងន់ និងស្រាលទាំងសងខាង កាលពីវេលាម៉ោង១១៖២០នាទីយប់ ថ្ងៃទី១ ខែសីហា ឆ្នាំ២០១៦ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
យោងតាមសាក្សីបានឲ្យដឹងថា មុនពេលកើតគេបានឃើញបុរសម្នាក់ទំនងជាស្រវឹងស្រាបើកម៉ូតូគុបជ្រុង ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ ក.3131ភ.ព1 បើកពីកើតទៅលិចក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំនុចកើតហេតុខាងលើបានជ្រុលទៅបុកម៉ូតូវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខកំពត1D-4734 ដែលកំពុងឈប់ហៅម៉ូយចំពីក្រោយពេញទំហឹងបណ្ដាលបោកនិងថ្នល់រងរបួសខាងម៉ូតូគុបដែលបុកគេបាក់ជើងខាងស្ដាំសន្លប់ស្តូកស្ដឹង និងខាងម៉ូតូវីវ៉ារងរបួសស្រាលត្រូវបានប្រជាពរដ្ឋទាកទងហៅរថយន្តមន្ទីរពេទ្យឯកជនមកដឹកយកទៅសង្គ្រោះភ្លាមៗ។ ចំណែក ម៉ូតូឌុបបានឃើញខាងម៉ូតូគុបបាក់ជើង ហើយបានគេចខ្លួនបាត់តែម្ដង។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានមកដល់បានធ្វើការវាស់វែង និងយកម៉ូតូទាំងពីរគ្រឿងទៅរក្សាទុកនៅប៉ុស្តិ៍ស្ទឹងមានជ័យ រងចាំធ្វើការដោះស្រាយជាក្រោយ៕
មតិយោបល់