ព័ត៌មានជាតិ

តុលាការកាត់ទោសបុរសអង់គ្លេស និងស្ត្រីខ្មែរម្នាក់ រឿងជួញដូរគ្រឿងញៀន

ភ្នំពេញៈ នៅរសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៧នេះ លោក លឹម មករន្ទ ចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការកាត់ទោសបុរសជនជាតិអង់គ្លេសម្នាក់ និងស្ត្រីខ្មែរជាសង្សារ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនដោយខុសច្បាប់។

លោកស្រី ស៊ឺ វណ្ណនី តំណាងអយ្យការបានចោទប្រកាន់ជនជាប់ចោទទី១ឈ្មោះ Anderw Jonh Sloman ហៅ Andy ភេទប្រុស អាយុ ៥២ឆ្នាំ ជនជាតិអង់គ្លេស និងទី២ឈ្មោះ ឆាង ស្រីភ័ក្រ ភេទស្រី អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រភេទម៉ាទឹកកកចំនួន ៤០ក្រាម ប្រព្រឹត្តនៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៦ នៅចំណុចផ្ទះសំណាក់ផ្កាយ៩ សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ តាមមាត្រា ៤០នៃច្បាប់ស្តីពី ការត្រួតពិនិត្យគ្រឿងញៀន។

នៅក្នុងសវនាការជនជាប់ចោទឈ្មោះ ឆាង ស្រីភ័ក្រ ឆ្លើយថា ខ្លួនបានយកគ្រឿងញៀនចំនួន ៣ដងពីឈ្មោះ Andy យកទៅលក់ឲ្យភ្ញៀវដោយទទួលបានលុយ ១០ ទៅ១៥ដុល្លារ និងបានរបស់របរប្រើប្រាស់ខ្លះៗពីឈ្មោះ Andy រួមទាំងបានដេកជាមួយបុរសម្នាក់នេះផងដែរ។ ជនជាប់ចោទថា ពួកខ្លួនបានប្រើប្រាស់គ្រឿងញៀនជាមួយគ្នា និងប្រើប្រាស់ថ្នាំសម្រើបមុនពេលរួមភេទទៀតផង។ ជនជាប់ចោទបញ្ជាក់ថា នៅថ្ងៃកើតហេតុ ឈ្មោះ Andy បានឲ្យខ្លួនយកគ្រឿងញៀនចំនួន ២,៥ហ៊ុន (១,៤១ក្រាម) ទៅឲ្យស្ត្រីម្នាក់ ក្នុងតម្លៃ ៥៥ដុល្លារ នៅពេលយកទៅដល់ក៏ត្រូវនគរបាលចាប់តែម្តង។

ជនជាប់ចោទឈ្មោះ Andy បដិសេធថា ខ្លួនមិនបានប្រព្រឹត្តដូចការចោទប្រកាន់របស់តុលាការទេ ហើយខ្លួនក៏មិនបានប្រើឈ្មោះ ឆាង ស្រីភ័ក្រ ឲ្យលក់គ្រឿងញៀននោះទេ គឺគ្រាន់តែទិញមកប្រើប្រាស់តែប៉ុណ្ណោះ។

ទោះយ៉ាងណាតុលាការបានលើកពេលប្រកាសសាលក្រមសំណុំរឿងនេះទៅរសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧ខាងមុខវិញ៕

https://youtu.be/IXhEMi8YFSI

មតិយោបល់