បន្ទាយមានជ័យៈ នៅវេលាម៉ោង ៦ល្ងាច ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ ចំណុចភូមិចក់ពួក ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ បុរសម្នាក់ គិតខ្លី ខឹង និងប្រពន្ធទៅធ្វើការនៅប្រទេសថៃ បែកគំនិតមានប្តីថ្មីចោលខ្លួន ដែលធ្វើការនៅ ស្រុកខ្មែរដាំដំឡូងមី បានទិញទឹកអាស៊ីតមកផឹក បណ្តាលប្រកាច់ដេកស្តូកស្តឹងនៅផ្ទះ។
ជនរងគ្រោះឈ្មោះ កើត ឃឿន ភេទប្រុស អាយុ ៤៥ឆ្នាំ រស់នៅភូមិស្រេះ ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បានជួលដីគេដាំដំឡូងមី នៅភូមិចក់ពួក ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។
មូលហេតុ៖ ដែលនាំឲ្យបុរសនេះប៉ងធ្វើអត្តឃាតសម្លាប់ខ្លួនឯង ដោយប្រើទឹកអាស៊ីតនោះ គឺបណ្តាលមកពីបុរសរូបនេះ ខឹងចិត្តនិងប្រពន្ធទៅធ្វើការងារនៅប្រទេសថៃ លួចមានប្តីថ្មី ហើយក៏ទិញទឹកអាស៊ីតយកមកផឹកដើម្បីផ្តាច់ជីវិតខ្លួនឯង តែដោយមានគេឃើញបុរសនេះប្រកាច់នៅនឹងផ្ទះ ប្រជាពលរដ្ឋ និងសមត្ថកិច្ចនៅទីនោះ បានទៅមើលប្រទះឃើញដបទឹកអាស៊ីតទើបដឹងថា ជនរងគ្រោះបានផឹកទឹកអាស៊ីត ហើយក៏នាំគ្នាជួយសង្រ្គោះដឹកយកទៅ មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា ជប៉ុន នៅស្រុកមង្គលបូរី ។ រហូតមកទល់នឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០នេះ បុរសរងគ្រោះនៅមិនទាន់បានធូរស្រាល នៅឡើយទេ ដោយសារទឹកអាស៊ីតបានជ្រាបចូលពេញខ្លួន
បច្ចុប្បន្នគ្រូពេទ្យកំពុងយកចិត្តទុកដាក់ព្យាបាល ៕
មតិយោបល់