ព័ត៌មានជាតិ

ចោរអស់លក្ខណ៍ ធ្វើសកម្មភាពឆក់កាបូប ពីជនជាតិបរទេស រត់គេចខ្លួនមិនរួច ជាប់ខ្នោះសមត្ថកិច្ច

ភ្នំពេញ: ជនជាតិបរទេសម្នាក់ កំពុងតែដើរលើផ្លូវសុខៗ ស្រាប់ត្រូវជនសង្ស័យ២នាក់ ជិះម៉ូតូ១គ្រឿង ធ្វើសកម្មភាពឆក់កាបូប តែមិនសម្រេច ត្រូវសមត្ថកិច្ចដេញតាម ឃាត់ខ្លួនបានភ្លាមៗ យកទៅសួរនាំនៅប៉ុស្តិ៍ជ័យជម្នះ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១០ និង ១៥នាទីយប់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ តាមបណ្តោយផ្លូវ១៧២ កែងផ្លូវ១៩​ ត្រង់ចំណុចក្រោយវត្តសារាវន្ត័ ស្ថិតក្នុងសង្កាត់ជ័យជម្នះ ខណ្ឌដូនពេញ។

ដំណើររឿង៖ មុនកើតហេតុ គេឃើញជនជាតិបរទេសម្នាក់ កំពុងតែដើរ តាមបណ្តោយផ្លូវ៦៣ កែងផ្លូវព្រះសីហនុ មកដល់ចំណុចកើតហេតុ ស្រាប់តែលេចមុខជនសង្ស័យចំនួន២នាក់ ជិះម៉ូតូ១គ្រឿងម៉ាក ហុងដាបិច ពណ៌សលាយខៀវ ពាក់ផ្លាកលេខ ភ្នំពេញ 1DG-2435 ធ្វើដំណើរតាមបណ្តោយផ្លូវ៦៣ ក្នុងទិសដៅពីត្បូងទៅជើង ហើយបានធ្វើសកម្មភាពឆក់កាបូប ពីជនបរទេសខាងលើ តែមិនបានសម្រេចនោះទេ ក៏ជិះម៉ូតូរត់គេចខ្លួន។ ពេលនោះ មានបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ បានជិះដេញតាមជនសង្ស័យ ហើយស្រែកថាចោរៗ ទើបសមត្ថកិច្ច ដែលកំពុងតែល្បាត តាមបណ្តោយផ្លូវ៥១ នោះនាំគ្នាជិះដេញតាម ឃាត់ខ្លួនបានទាំង២នាក់ នៅចំណុចផ្លូវ១៩​ កែងផ្លូវ១៧២ សង្កាត់ជ័យជម្នះ រួចយកទៅសួរនាំនៅប៉ុស្ដិ៍។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពប្រាកដមែន ទើបសមត្ថកិច្ច បញ្ជូនខ្លួនជនសង្ស័យ ទៅកាន់អធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿង ចាត់ការទៅតាមផ្លូវច្បាប់៕

មតិយោបល់