ភ្នំពេញៈ មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ រួមនឹងអាជ្ញាធរដែនដីពាក់ព័ន្ធ ដឹកនាំដោយលោក ប៉ា សុជាតិវង្ស អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃ០៩ កក្កដា ចុងសប្តាហ៍នេះ បានចុះពិនិត្យហេដ្ឋារចនាសម្ព័ន្ធ និងសមិទ្ធិផលមួយចំនួននៅប៉ែកខាងលិច និងខាងជើងរាជធានីភ្នំពេញ ដើម្បីជម្រុញឲ្យការដ្ឋានទាំងអស់នោះ អនុវត្តការងារទៅតាមគម្រោង និងស្តង់ដាបច្ចេកទេស។
ក្នុងឱកាស ពិនិត្យមើលសួនកុមារពោធិចិនតុង លោកអភិបាលបានណែនាំឲ្យអាជ្ញាធរ ខណ្ឌពោធិសែនជ័យ ក៏ដូចមន្ទីរសាធារណការយកចិត្តទុកដាក់ថែទាំ សំអាត និងរៀបចំសណ្តាប់ធ្នាប់ទាំងក្នុង និងខាងក្រៅសួនកុមារឲ្យបានប្រសើរឡើងវិញ ព្រោះបើមើលទៅ ឃើញកខ្វក់បង្ហាញឲ្យឃើញពីការខ្វះការថែទាំ និងសំអាត។
ក្រៅពីនេះ ក៏ត្រូវពិនិត្យមើល កិច្ចសន្យាជាមួយអ្នកលក់ដូរក្នុងសួនឡើងវិញ បើមិនចូលរួមសំអាតត្រូវលប់កិច្ចសន្យា ចោលតែម្តង។
សួនកុមារពោធិ៍ចិនតុង ត្រូវបានសាលារាជធានីភ្នំពេញស្ថាបនាឡើងលើផ្ទៃ ដីទំហំ៧៥០០ម៉ែត្រការ៉េ បានក្លាយជាទីតាំងសម្រាប់កុមារ កូនចៅប្រជាពលរដ្ឋមកលេងកំសាន្តសម្រាប់បងប្អូននៅប៉ែកខាងលិច និងខាងជើងរាជធានីភ្នំពេញ និងជាកន្លែងសំរាប់ឲ្យបងប្អូនប្រជាពលរដ្ឋយើងហាត់ប្រាណ យកខ្យល់អាកាសផងដែរ។ ដូច្នេះការសំអាតអនាម័យ ការរៀបចំសណ្តាប់ធ្នាប់ក្នុង និងក្រៅបរិវេណសួន គឺជាការងារចាំបាច់។
ជាមួយគ្នានេះ ការរៀបចំសណ្តាប់ធ្នាប់នៅបរិវេណផ្សារសេនជូរី Plaza ក៏ជាការងារ ចាំបាច់ព្រោះពេលនេះគេឃើញភាពបាត់សណ្តាប់ធ្នាប់កើតឡើង ពិសេសនៅខាងមុខផ្សារ ទាំងការលក់ដូរ និងការចតយានយន្តពាសវាលពាសកាលដែលសាលារាជធានីភ្នំពេញ នឹងពិចារណាសាងសង់សួនច្បារសម្រាប់សម្រួលការចូលចត និងការបត់របស់យានយន្តធ្វើយ៉ាងណាឲ្យមានរបៀបរៀបរយលើមហាវិថីសហព័ន្ធរុស្ស៉ីដែលជាផ្លូវសំខាន់មានប្រតិភូឆ្លងកាត់ ជាមួយគ្នានេះ ក៏ត្រូវពិនិត្យកិច្ចសន្យាស្ថានីយ៍ប្រេងឥន្ទនៈមួយកន្លែងក្នុងបរិវេណផ្សារសេន ជូរីPlaza ព្រោះមិនឃើញបើកធ្វើអាជីវកម្ម បានត្រឹមតែព័ទ្ធរបងទុកចោលដូចគេឃុំដីដូច្នោះ ដែរ។
លោក ប៉ា សុជាតិវង្ស រួមនឹងមន្ត្រីជំនាញក៏បានទៅពិនិត្យមើលដំណើរការសាងសង់លូ មេប្រអប់ថ្មីលើកំណាត់ផ្លូវជាតិលេខ៤ ចាប់ពីរង្វង់មូលចោមចៅដល់មុខវិទ្យាលយ័ជម្ពូវ័ន ដែលកំពុងដំណើរការដ្ឋានដោយក្រុមហ៊ុនAZ និងមានការសហការពិនិត្យបច្ចេកទេសពី មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ។ ប្រព័ន្ធលូប្រអប់នេះ ត្រូវបានស្ថាបនាឡើងជំនួសប្រឡាយតូចៗអមសងខាងផ្លូវដែលទឹកមិនអាចហូរបានដោយសារការចាក់សំរាម ឬកាកសំណល់ ឬចាក់ដីលប់របស់ប្រជាពលរដ្ឋ បង្កការស្មុគស្មាញនិងស្ទះចរាចរនៅ មុខផ្សារ និងវិទ្យាល័យជម្ពូវ័ន។
លោក ប៉ា សុជាតិវង្ស មានប្រសាសន៍ថា យើងស្ថាបនាប្រព័ន្ធ លូប្រអប់នេះឲ្យចេញជារូបរាងមានគំរបពីលើដែលប្រជាពលរដ្ឋអាចប្រើប្រាស់ពីលើ ឬអាចចតយានយន្តបាន កាត់បន្ថយការកកស្ទះចរាចរ និងគ្រោះថ្នាក់ចរាចរដែលតែងកើត មានជាញឹកញ៉ាប់នៅចំណុចនេះ។ជាមួយគ្នានេះ សាលារាជធានីភ្នំពេញ កំពុងលើកគំរោង សាងសង់ស្ពានអាកាសឆ្លងផ្លូវសំរាប់អ្នកថ្មើរជើងចំនួន២កន្លែងនៅចំណុចខាងលើនេះ ដែលជាគំរោងលើកដំបូងសំរាប់រាជធានីភ្នំពេញ ហើយសំណង់ស្ពានអាកាសសំរាប់ថ្មើរ ជើងអាចនឹងកើតមានច្រើនកន្លែងទៀតក្នុងរាជធានីភ្នំពេញដើម្បីសំរួលចរាចរ។
នៅរសៀលថ្ងៃទី៩កក្កដានេះដែរ លោក ប៉ា សុជាតិវង្ស ក៏បានអញ្ជើញទៅពិនិត្យការ ជួសជុលកែលំអផ្លូវទំនប់កប់ស្រូវរួមទាំងការដាក់ប្រព័ន្ធលូអមសងខាងផ្លូវអូដឹមកប់ស្រូវ ផងដែរ ដើម្បីទាញទឹកជំនន់ទឹកភ្លៀងចេញពីតំបន់ពោធិចិនតុង ចាក់ទៅបឹងកប់ស្រូវផងដែរ។
ការដ្ឋានពង្រីកផ្លូវនេះ បានប៉ះលើបង្គោលភ្លើងក្នុងភូមិសាស្ត្រខណ្ឌពោធិសែនជ័យចំនួន៩ ដើម, ភូមិសាស្ត្រខណ្ឌព្រែកព្នៅចំនួន៣២ដើម ដែលត្រូវរំកិលចេញ។ ផ្លូវទំនប់កប់ស្រូវមានប្រវែងជាង១២គីឡូម៉ែត្រ ត្រូវបានសាលារាជធានីភ្នំពេញសម្រេចស្ថាបនាជាផ្លូវបេតុងជំនួស ផ្លូវកៅស៊ូដែលមានការខូចខាតច្រើនដែលទទួលម៉ៅការស្ថាបនាដោយក្រុមហ៊ុនចំនួន៣ ក្នុងពេលតែមួយគឺក្រុមហ៊ុនTCM, ក្រុមហ៊ុនឡាប៊្រូវណ្ណី និងក្រុមហ៊ុនដូនពេញ ដែលពិនិត្យ បច្ចេកទេសដោយមន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញ។
លោក ប៉ា សុជាតិវង្ស បានជំរុញឲ្យក្រុមហ៊ុនទាំង៣ស្ថាបនាឲ្យបានរួចរាល់ក្នុងរយះពេល៣ខែខាងមុខនេះ។
ផ្លូវទំនប់កប់ស្រូវ ជាផ្លូវក្រវ៉ាត់ក្រុងយ៉ាងសំខាន់ជាពិសេសជាផ្លូវសំរាប់រថយន្តដឹកធ្ងន់ ឆ្លងកាត់ទាំងយប់ទាំងថ្ងៃតភ្ជាប់ភូមិសាស្ត្ររាជធានីភ្នំពេញទៅកាន់ខេត្តក្រុងនានាមានផ្លូវជាតិលេខ៥,លេខ៦,លេខ៤,លេខ៣ជាដើមដែលជាសរសៃឈាមសេដ្ឋកិច្ចនិងជាផ្លូវវាង រាជធានីភ្នំពេញកាត់បន្ថយការឆ្លងកាត់កណ្តាលក្រុងបានមួយផ្នែកធំ និងលើកកំពស់ សណ្តាប់ធ្នាប់ក្នុងទីក្រុងផងដែរ៕
មតិយោបល់