ព័ត៌មានជាតិ

រថយន្ត ២គ្រឿងបុកគ្នាពេញទំហឹង រកត្រូវខុសមិនចេញ សមត្ថកិច្ច ចុះអន្តរាគមន៍

ភ្នំពេញ: កាលពីវេលាម៉ោង ១២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ ត្រង់ចំណុចស្តុបសក្យមុនីចេតិយ តាមបណ្ដោយផ្លូវព្រះមុនីវង្ស កែងនិងផ្លូវ១០៦ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តពីរគ្រឿងបុកគ្នាពេញទំហឹង បណ្ដាលឲ្យរងការខូចខាត។

ដំណើររឿង៖ នៅមុនកើតហេតុ គេឃើញបុរសម្នាក់ បើករថយន្ត១គ្រឿង ម៉ាកហ្វតរ៉េនជ័រ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BA-6811 ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះមុនីវង្ស ក្នុងទិសដៅពីជើងទៅត្បូង ជាមួយល្បឿយ៉ាងលឿន។ ស្របពេលនោះ ក៏មានរថយន្ត១គ្រឿងទៀត ម៉ាកតូយូតាព្រូស ពណ៌ស្ករ ពាក់ផ្លាកលេខ ភ្នំពេញ 2BA-3465 បើកបរដោយបុរសម្នាក់ តាមបណ្ដោយផ្លូវ១០៦ ក្នុងទិសដៅពីកើតទៅលិច ជាមួយល្បឿយ៉ាងលឿនដូចគ្នា។ លុះមកដល់ចំណុចស្តុបកើតហេតុ មិនប្រយ័ត្នរថយន្តទាំងពីរគ្រឿងបានបុកគ្នាពេញទំហឹង បណ្តាលឲ្យរថយន្តហ្វតរ៉េនជ័ រងការខូចខាតក្រពឹតផ្នែងខាងមុខ និងមួយចំហៀងខាងឆ្វេង ចំណែកឯរថយន្តតូយូតាព្រូស បានរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ។

ភ្លាមនោះ ក៏មានសមត្ថកិច្ចមូលដ្ឋាន បានចុះមកជួយធ្វើការអន្តរាគមន៍ផងដែរ។

ប៉ុន្តែដោយភាគីទាំងពីរ សម្របសម្រួលគ្នាបាន ជជែកយកតែត្រូវរៀងៗខ្លួន ទើបសមត្ថកិច្ច ធ្វើការវាស់វែង និងស្ទូចរថយន្តទាំងពីរគ្រឿង ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿង ចាត់ការតាមផ្លូវច្បាប់៕

មតិយោបល់