ភ្នំពេញៈ កាលពីវេលាម៉ោង ៥ និង១០នាទីល្ងាចថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវ ៥១០ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍ ដោយរថយន្តលុចស៊ីស១គ្រឿង ត្រូវបានគេស្គាល់ថា ជារបស់មន្ត្រីនគរបាលម្នាក់ សង្ស័យស្រវឹងស្រា បានបើកថយរថយន្តប៉ះម៉ូតូបណ្ដាលឲ្យរងការខូចខាត តែមិនបណ្ដាលឲ្យមានអ្នក រងរបួសនោះទេ។
សូមបញ្ជាក់ករណីខាងលើនេះ ឃើញថាម្ចាស់រថយន្ត ហាក់ដូចជាប្រើពាក្យមិនសមរម្យ ទៅលើមន្ត្រីនគរបាល រដ្ឋបាលសង្កាត់ផ្សារដើមថ្កូវ និងប្រធានផ្នែកចរាចរណ៍ នៃអធិការដ្ឋាននគរបាលខណ្ឌចំការមន ទោះជាមន្ត្រីជំនាញ ព្យាយាមសម្របសម្រួលយ៉ាងណាក៏មិនត្រូវគ្នា រួចក៏ទំនាក់ទំនងទៅចរាចរណ៍ នៃស្នងការនគរបាលរាជធានីភ្នំពេញ ចុះមក ទើបចរចាគ្នាត្រូវ ដោយភាគីទាំងសងខាង បានសុំទោសគ្នាទៅវិញទៅមក ដើម្បីបញ្ចប់រឿង គ្មានអ្នកឈ្នះ និងអ្នកចាញ់ទេ។
ប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានសូមណូមពរតាមរយៈសារព័ត៌មាន Post News បន្ទាប់ពីឃើញជាក់ស្ដែង មន្ត្រីនគរបាលខាងលើ ទំនងជាស្រវឹងស្រា ជួបគ្រោះថ្នាក់ចរាចរណ៍តិចតួចសោះ បង្កការភ្ញាក់ផ្អើល មិនដឹងថា គាត់នៅអង្គភាពណាទេ សូមឲ្យថ្នាក់ដឹកនាំ ជួយមើលមន្ត្រីនគរបាល ដែលនិយាយពាក្យមិនសមរម្យ ទៅលើមន្ត្រីមូលដ្ឋាន កុំបណ្ដែតបណ្ដោយឲ្យគាត់ ធ្វើតាមចិត្តបែបនេះតទៀត ព្រោះប្រទេសមានច្បាប់។
ប្រជាពលរដ្ឋបន្ថែមថា មើលទៅប្រហែលជាគាត់ចង់ល្បី ក្នុងបណ្ដាញសង្គមហ្វេសប៊ុកហើយ បានជាគ្រាន់តែរឿងគ្រោះថ្នាក់ចរាចរណ៍ប៉ុណ្ណឹងសោះ ផ្អើលអស់មន្ត្រីប៉ូលិសសឹងគ្រប់ថ្នាក់ ចុះមកអន្តរាគមន៍ដោះស្រាយ៕
មតិយោបល់