ព័ត៌មានជាតិ

Update៖ សាហាវណាស់! ក្រុមក្មេងទំនើង ព្រួតវាយបុរសម្នាក់ បែកក្បាលហូលឈាមស្រោចពេញខ្លួន ស្លាប់យ៉ាងរន្ធត់

ភ្នំពេញៈ បុរសម្នាក់ បានអង្គុយផឹកស៊ីជាប្អូនប្រុសម្នាក់ទៀត នៅហាងមួយកន្លែង លើផ្លូវ១៧២ ហើយបានទាស់សម្ដីជាមួយគេ ពេលចេញមកវិញ ត្រូវគេស្ទាក់វៃតាមផ្លូវ ដោយយកដុំថ្មធំ វាយចំក្បាល បណ្តាលឲ្យជនរងគ្រោះម្នាក់ បែកក្បាលហូលឈាម ស្លាប់បាត់បង់ជីវិត។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៣ទៀបភ្លឺ ឈានចូលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ តាមបណ្តោយផ្លូវ៦៣ កែងផ្លូវ១៧៤ ត្រង់ចំណុចសាលាមត្តេយ្យវត្តកោះ ស្ថិតក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ។

ជនរងគ្រោះឈ្មោះ តាន់ ម៉េងហួត អាយុ២៨ឆ្នាំ ស្នាក់នៅបឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីមិត្តភក្ដិជនរងគ្រោះ ឈ្មោះ ហាក់ សំណាង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរធ្វើការអ៊ិនធឺណេត ស្នាក់នៅភូមិគោកឃ្លៀង សង្កាត់គោកឃ្លៀង ខណ្ឌសែនសុខ មានស្រុកកំណើតនៅសង្កាត់បឹងសាឡាង ខណ្ឌសែនសុខ បានឲ្យដឹងថា មុនកើតហេតុខាងលើ ខ្លួនបានអង្គុយផឹកស៊ី ជាមួយជនរងគ្រោះ នៅទីតាំងខាងលើ ពេលនោះជនរងគ្រោះ បានដើរទៅជល់កែវជាមួយគេ ទាំងពុំដែលស្គាល់គ្នាសោះ ក៏មានការទាស់ពាក្យសម្ដីគ្នា នៅក្នុងហាង។ លុះពេលផឹកស៊ីចប់ បាននាំគ្នាជិះម៉ូតូត្រឡប់ទៅផ្ទះវិញ នៅម្តុំបឹងសាឡាង ដោយធ្វើដំណើរ តាមបណ្តោយផ្លូវ៦៣ ក្នុងទិសដៅពីជើងទៅត្បូង រហូតមកដល់មុខសាលាមេត្តយ្យវត្តកោះ ស្រាប់តែលេច មុខជនសង្ស័យចំនួន ៦នាក់ ជិះម៉ូតូ៣គ្រឿង៖ ទី១គ្រឿងម៉ាកស្តុបពីហុងដាឌ្រីម និង២គ្រឿងទៀត មិនចាំម៉ាក ប្រដាប់ទៅដោយដុំថ្មធំៗ និងដំបងយកមកព្រួតវាយ ត្រូវចំក្បាលជនរងគ្រោះជាច្រើនដុំថ្ម និងដំបង បណ្តាលឲ្យបែកក្បាលហូលឈាមស្រោចពេញខ្លួន។

ភ្លាមៗនោះ ជនរងគ្រោះ ត្រូវបានរថយន្តសង្គ្រោះរបស់គ្លីនិកឯកជនហុងហាក់ ដឹកទៅមន្ទីរពេទ្យ តែជាអកុសល់ដឹកបានពាក់កណ្តាលផ្លូវ ក៏ដាច់ខ្យល់ស្លាប់តែម្ដង ចំណែកក្រុមជនសង្ស័យវិញ នាំគ្នារត់គេចខ្លួនបាត់អស់។

ក្រោយកើតហេតុ សពជនរងគ្រោះ ត្រូវបានក្រុមគ្រួសារសាច់ញាតិ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់