ព័ត៌មានជាតិ

យុវជន ២នាក់ ជិះម៉ូតូវ៉ារថយន្ត ធ្លាក់ផ្លូវទៅបុកទ្រុងគោ បណ្ដាលឲ្យស្លាប់ម្នាក់ និងរងរបួសធ្ងន់ម្នាក់

កណ្ដាល: នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ៨និង២០នាទីយប់ ចំណុចភូមិទួលស្ពឺ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល មានករណីគ្រោះថ្នាក់ចរាចរណ៍ ម៉ូតូបើករថយន្ត បណ្ដាលឲ្យធ្លាក់ផ្លូវ។

សភាពនៃរឿងហេតុ៖ នៅថ្ងៃខែឆ្នាំកើតហេតុខាងលើមានម៉ូតូមួយគ្រឿងម៉ាក អិចសិចទ័រ ពណ៌សលាយក្រហមគ្មានផ្លាកលេខ ដោយធ្វើដំណើរពីលិចទៅកើតបើកបរដោយឈ្មោះ សយ សុភាព (ឌី) ភេទប្រុស អាយុ ២១ឆ្នាំ មានទីលំនៅភូមិកណ្តឹងតូច ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ មានមុខរបរជាងតោន (ស្លាប់) មិនពាក់ មួកសុវត្ថិភាព និងអ្នករួមដំណើរឈ្មោះ សាន ឌី ភេទប្រុស អាយុ ២១ឆ្នាំ មានទីលំនៅភូមិត្រឡោកបែក ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្តាល មុខរបរកូនជាងជួសជុលរថយន្ត មិនពាក់មួកសុវត្ថិភាព។
ពេលបើកបរមកដល់ចំណុចភូមិឃុំកើតហេតុអ្នកបើកបរម៉ូតូ បានបើកបរលឿនហើយជិ:វ៉ាជាមួយរថយន្ត ហើយបានជ្រុលធ្លាក់ពីលើផ្លូវបេតុងជ្រុល ទៅបុកទ្រុងគោជ្រុលទៅបុកដល់ពាងយក្ស បណ្តាលឲ្យរងរបួសធ្ងន់ម្នាក់និងស្លាប់ម្នាក់។

ក្រោយពេលកើតហេតុកម្លាំងជំនាញផ្នែកសណ្តាប់ធ្នាប់ចរាចរណ៍ បានទៅដល់កន្លែងកើតហេតុធ្វើការពិនិត្យ និងវាស់វែងបញ្ជូនអ្នករងរបួសទៅមន្ទីរពេទ្យឃុំតាលន់ ចំណែកសាកសពបានប្រគល់ឲ្យសាច់ញាតិ យកទៅធ្វើបុណ្យតាមតាមប្រពៃណី។

ការសន្និដ្ឋាន៖ ករណីខាងលើនេះបណ្តាលមកពីអ្នកបើកបរម៉ូតូបើកបរ ក្នុងល្បឿនលឿនវ៉ារថយន្ត ដោយមានការធ្វេសប្រហែសខ្ជីខ្ជារ ខ្វះការប្រុងប្រយ័ត្នទើប បណ្តាលឲ្យគ្រោះថ្នាក់កើតឡើង៕

មតិយោបល់