ព័ត៌មានជាតិ

សុទ្ធតែក្មេងៗ មានចាក់សាក់ ពេញខ្លួន! ចោរជំនាញឆក់ លួច យ៉ាងសកម្មមួយក្រុម ត្រូវឃាត់បាន ខណៈកំពុងធ្វើសកម្មភាព ហើយព្យាយាមជិះម៉ូតូគេច

ភ្នំពេញ: រកសឹងតែមិនជឿ ក្រុមជនសង្ស័យវ័យក្មេងចំនួន ៥នាក់ មានអាយុជាង១០ឆ្នាំ និងក្រោម១០ឆ្នាំ ម្នាក់ៗជំនាញ និងសកម្ម ជិះម៉ូតូធ្វើសកម្មភាព ឆក់ លួច ត្រូវបានពលរដ្ឋ កម្លាំងប្រជាការពារ ស្ទាក់ចាប់ឃាត់បាន៣នាក់ ម៉ូតូមួយគ្រឿង និងរត់គេចបាត់២នាក់ បន្ទាប់ពីពួកគេដើរធ្វើសកម្មភាព ទៅបន្លំលួច ឆក់ កាបូបលុយ កាតទូរស័ព្ទ បានសម្រេច ហើយនាំគ្នាគេចខ្លួន។

ហេតុការណ៍នេះ កើតទ្បើងកាលពីវេលាម៉ោង ១រសៀល ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ នៅផ្ទះលក់ដូរមួយកន្លែង ក្នុងភូមិលិចវត្ត សង្កាត់កំបូល ខណ្ឌកំបូល ហើយស្ទាក់ចាប់បានត្រង់ចំណុចតាមផ្លូវបេតុង ក្នុងភូមិកប់ភ្លុក សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល ។

តាមស្ត្រីឈ្មោះ យឹម ពៅ អាយុ៣៨ឆ្នាំ មុខរបរលក់ដូរនៅផ្ទះកើតហេតុ ជាម្ចាស់កាបូប បានឲ្យដឹងថា មុនកើតហេតុ សូម្បីតែគាត់ក៏មិននឹកស្មានដល់ ក្រុមក្មេងខាងលើ មានគ្នា៥នាក់ ជិះម៉ូតូ២គ្រឿង ទៅឈប់ម្លប់ដើមឈើមុខផ្ទះគាត់ ហើយមានក្មេង២នាក់ ចូលទៅរកទិញបារី ដោយប្រាប់ថា ពូម្នាក់នោះប្រើឲ្យទិញ ផ្ទុយទៅវិញ បែរនាំគ្នាយកបារីនោះចែកគ្នាជក់ មិនបានចាប់អារម្មណ៍ ស្របពេលដែលពលរដ្ឋក្នុងភូមិ ចូលទៅរកទិញឥវ៉ាន់ ក៏មានក្មេង៣នាក់ក្នុងក្រុមខាងលើ ចូលទៅរកទិញទឹក ហើយក៏មាន២នាក់ទៀតចូលទៅដែរ រវល់តែវីវក់ លក់ដូរ ស្រាប់តែក្រុមក្មេងខាងលើ បន្លំលួចកាបូបលុយ ក្នុងនោះ មានកាតទូរស័ព្ទ ក្រវិលមួយគូ សរុបលុយជិត៣០០ដុល្លារ ហើយនាំគ្នាឡើងជិះម៉ូតូរត់គេច ភ្លាមៗ ដឹងថាបាត់កាបូប ដេញតាមតែមិនទាន់ ទើបមេភូមិ នៅក្បែរនោះប្រកាសតាមវិទ្យុទាក់ទង ឲ្យក្រុមកម្លាំងប្រជាការពារ ទូទាំងខណ្ឌកំបូល ជួយឃ្លាំមើល ភិនភាគក្មេង ក្តឹបចោរ ទាំងនោះ ។

ទីបំផុត ត្រូវបានកម្លាំងប្រជាការពារ មេភូមិកប់ភ្លុក សង្កាត់ភ្លើងឆេះរទេះ ប្រទះឃើញតាមផ្លូវ ក្បែរវត្តជន្លង់ម្លូ ឃាត់បានក្មេង៣នាក់ ជិះម៉ូតូម៉ាក សេ១១០ ស៊េរី២០១២ ពណ៌ខ្មៅ ពាក់ផ្លាកកលេខ ភ្នំពេញ 1BM-9853 ចំណែកក្មេង២នាម់ទៀត ជិះម៉ូតូធូដេ បានរត់គេចខ្លួនបាត់ ។

មែនពិតថា ជនសង្ស័យទាំង៣នាក់ នៅក្មេងប្រាកដមែន តែ មានចាក់សាក់ ពេញដៃជើងខ្លួន ពួកគេបានឲ្យដឹងថា ក្រុមរបស់គេមានទីលំនៅសមាគមន៍លៀសហាល ក្រោយវត្តគោកបញ្ជាន់ ភូមិថ្មគោល៣ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ហើយប្រើប្រាស់មធ្យោបាយម៉ូតូ តែងតែនាំគ្នាដើរ ធ្វើសកម្មភាពឆក់ និងលួច រាប់លែងដឹងចំនួនហើយ ធ្លាប់ឆក់នៅកំបូល ផ្លូវជាតិលេខ៤ បានជាង១០០០ដុល្លារ កាលពីសប្តាហ៍មុន មកដល់លើកនេះ បានសម្រេចហើយ លួចបានកាបូបលុយ ទើបជិះគេចមកដល់ ក្បែរវត្តជន្លង់ម្លូ ត្រូវបានឃាត់ខ្លួន និងម៉ូតូមួយគ្រឿង ចំណែកគ្នាគេ២នាក់ទៀត ជិះម៉ូតូគេចទៅបាត់ ។

ក្មេងទាំង៣នាក់ រួមជាមួយវត្ថុតាង ត្រូវបានម្ចាស់កាបូប មកចង្អុលបង្ហាញ ច្បាស់ពិតជាពួកគេនឹងហើយលួចកាបូប រួចប្រគល់ឲ្យនគរបាលប៉ុស្តិ៍កំបូល នាំយកទៅប៉ុស្តិ៍ ដើម្បីហៅអាណាព្យាបាលមកធ្វើការអប់រំ ៕

មតិយោបល់