ព័ត៌មានជាតិ

លុចស៊ីស RX330 បើកឆ្លងផ្លូវ ត្រូវម៉ូតូជិះបុក បណ្ដាលឲ្យរបួសមនុស្ស ៤នាក់

ភ្នំពេញៈ កាលពីវេលាម៉ោង ២និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ ត្រង់ចំណុចស្តុបពេទ្យកាល់ម៉ែត តាមបណ្ដោយផ្លូវព្រះមុនីវង្ស កែងនិងផ្លូវ៨៦ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងម៉ូតូបុករថយន្ត ។

ដំណើររឿង៖ នៅមុនកើតហេតុ គេឃើញបុរសម្នាក់ រួមដំណើរដោយប្រុសស្រីចំនួន៣នាក់ទៀត បានបើករថយន្ត១គ្រឿង ម៉ាកលុចស៊ីស RX330 ពណ៌ខៀវចាស់ ពាក់ផ្លាកលេខ ភ្នំពេញ 2AO-7340 ធ្វើដំណើរពីជើងទៅត្បូង តាមបណ្តាលផ្លូវព្រះមុនីវង្ស ។

លុះមកដល់ចំណុចស្តុបកើតហេតុ រថយន្តខាងលើ បានបើកឆ្លងកាត់ផ្លូវ៨៦បានពាក់កណ្តាលផ្លូវ ស្រាប់តែមានម៉ូតូ ១គ្រឿងម៉ាកសង់កូរ៉េ ពណ៌ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ 1AX-9627 បើកបរដោយបុរស២នាក់ ធ្វើដំណើរពីលិចទៅកើត តាមបណ្ដោយផ្លូវ៨៦ ក្នុងល្បឿនយ៉ាងលឿន ក៏ជ្រុលទៅបុករថយន្តខាងលើ ចំពាក់កណ្ដាលពេញទំហឹង បណ្តាលឲ្យអ្នកបើកម៉ូតូ របួសបាក់ជើង និងអ្នករួមដំណើររងរបួសបែកក្បាល រីឯម៉ូតូខូចខាតស្ទើរទាំងស្រុង។

ដោយទ្បែករថយន្តវិញ បានខូចខាតបែកកញ្ចក់ និងក្រពឹតកាងទ្វារខាងក្រោយ ចំហៀងខាងស្តាំ ដើយអំបែងកញ្ចក់រថយន្ត បានបែកខ្ទាតទៅត្រូវចំអ្នករួមដំណើរចំនួន២នាក់ រងរបួសស្រាល។

ភ្លាមៗនោះ ក៏មានរថយន្តសង្គ្រោះបន្ទាន់ របស់គ្លីនិកឯកជន បានមកដឹកជនរងគ្រោះទាំង៤នាក់ ទៅមន្ទីរពេទ្យភ្លាមៗផងដែរ។

ក្រោយកើតហេតុ ក៏មានកម្លាំងសមត្ថកិច្ច មូលដ្ឋានចុះមកអន្តរាគមន៍ រួចទាក់ទងជំនាញ ឲ្យចុះមកវាស់វែង យកម៉ូតូនិងរថយន្ត ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយ ទៅតាមផ្លូវច្បាប់៕

មតិយោបល់