ភ្នំពេញៈ យោងតាមផេក អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការ ប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF បានឲ្យដឹងថា តបតាមការណែនាំរបស់លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ក៏ដូចជាលោក ផាន អូន អគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាប់ការក្លែងបន្លំ នៃក្រសួងពាណិជ្ជកម្ម នៅថ្ងៃព្រហស្បតិ៍ ៣កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ នេះ បានចាត់ឳ្យមន្រ្តីរបស់ខ្លួន ដោយមានសហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្ម បាននាំរថយន្តពិសោធន៍ចល័ត ចំនួន២គ្រឿង ចុះប្រតិបត្តិការឆែកឆេរ នៅតាមឱសថស្ថាននានា រួមមាននៅម្តុំផ្សារអូឡាំពិក ផ្សាទំនើបម៉ាក្រូ និងផ្សារទំនើបអ៊ីអន សែនសុខ ក្នុងរាជធានីភ្នំពេញ ដើម្បីស្វែករកនូវផលិតផលម៉ាស និងអាកុលសម្រាប់លាងសម្អាតដៃ ដែលគ្មានគុណភាព និងលក់ក្នុងតម្លៃថ្លៃ ជូនដល់ប្រជាពលរដ្ឋឆ្លៀតឱកាស ដែលវីរុសកូវីត១៩ (COVIT-19) កំពុងរីករាលដាល។
ក្នុងសកម្មភាពនេះដែរ មន្រ្តីជំនាញបានធ្វើការឆែកឆេរ និងត្រួតពិនិត្យនៅបណ្តាឱសថស្ថានជាច្រើនកន្លែង នៅជុំវិញផ្សារអូឡាំពិក និងបានដកហូត មេតាណុល ចំនួន២៤៤.៨លីត្រ។ បន្ទាប់មក មន្រ្តីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាប់ការក្លែងបន្លំ បានធ្វើកំណត់ហេតុដកហូត ទំនិញទាំងនោះយកទៅរក្សាទុក និងបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ គប្បីទិញរបស់របរជាពិសេសអាកុល និងជែលលាងដៃនេះ ឲ្យមានស្លាកសញ្ញាសម្គាល់ត្រឹមត្រូវ និងមានប្រភពច្បាស់លាស់ ដើម្បីចៀសវាងរបស់ក្លែងក្លាយ និងគ្មានគុណភាព ដែលបណ្តាលឲ្យប៉ះពាល់ដល់សុខភាព របស់យើងពេលប្រើប្រាស់នោះ។
ក្នុងឳកាសនោះដែរ មន្រ្ទីជំនាញបានសំណូមពរ ដល់អាជីវករលក់ផលិតផលម៉ាស និងអាកុល សម្រាប់លាងសម្អាតដៃ សូមមេត្តាកុំលក់ថ្លៃហួសប្រមាណ ហើយក៏សូមអំពាវនាវ ដល់ប្រជាពលរដ្ឋ សូមកុំទិញផលិតផល អាល់កុលណា ដែលគ្មានស្លាកសញ្ញា និងមិនមានការបញ្ជាក់ ពីប្រភពច្បាស់លាស់ ដើម្បីប្រើប្រាស់សម្រាប់ការលាងសម្អាត កម្ចាត់មេរោគ ឬបង្ការវីរុស Covid-19៕
មតិយោបល់