ព័ត៌មានជាតិ

រថយន្តបែនដឹកខ្សាច់បើកបុករថភ្លើង កំពុងឆ្លងផ្លូវរងការខូចខាតខ្ទេចកាប៊ីន១ចំហៀង ហើយបង់លុយ ២៥០ដុល្លារ ឲ្យខាងរថភ្លើងទៀត

ភ្នំពេញៈ រថយន្តម៉ាកនីសាន់បែនដឹកខ្សាច់១គ្រឿងខណៈ បើកបរត្រឡប់មកពីចាក់ដីខ្សាច់នៅក្នុងការដ្ឋានសំណង់បុរីផ្ទះល្វែងមួយកន្លែងរួច ស្រាប់តែវាក់អឺជាមួយរថភ្លើងដឹកប្រេង ១ខ្សែ ហើយពេលទៅដល់ត្រង់ចំណុចផ្លូវដែកឆ្លងកាត់ បានបុកជាមួយរថភ្លើងដឹកប្រេង ១ខ្សែកំពុងបើកឆ្លងកាត់ផ្លូវលំ បណ្ដាលឲ្យរងការខូចខាតកាប៊ីន ១ចំហៀង។ បន្ទាប់មក រថភ្លើងក៏បានឈប់និងបានទាមទារសំណងពីម្ចាស់រថយន្តខាងលើ ហើយដោយសារតែខ្ជិលវែងឆ្ងាយ ទើបម្ចាស់រថយន្តខាងលើ ចេញសងប្រាក់ចំនួន ២៥០ដុល្លារ ទៅឲ្យខាងភាគីរថភ្លើងបញ្ចប់រឿងភ្លាមៗតែម្ដង។

ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង ១០និង៥៥នាទីព្រឹក ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ ស្ថិតនៅតាមផ្លូវលំត្រង់ចំណុចផ្លូវដែកឆ្លងកាត់ ភូមិតាអិន សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ។ រថយន្តខាងលើនោះម៉ាកនីសាន់បែនដឹកដី ពណ៌ស ពាក់ផ្លាកលេខ ចង្កូតស្ដាំ​PP-1871 បើកបរដោយយុវជនម្នាក់ឈ្មោះ ភារុណ អាយុជិត ២០ឆ្នាំ និងមានឪពុកឈ្មោះ ម៉ៅ អាយុជាង ៤០ឆ្នាំ មុខរបរលក់គ្រឿងសំណង់ សព្វថ្ងៃមានទីលំនៅក្នុងភូមិព្រៃឈូក សង្កាត់ស្នោរ ខណ្ឌកំបូល ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុរថយន្តនេះ បានដឹកខ្សាច់យកដាក់នៅក្នុងការដ្ឋានសំណង់បុរីផ្ទះល្វែងក្រុមហ៊ុនថៃ ដែលស្ថិតនៅក្នុងភូមិកើតហេតុខាងលើ លុះបែនចាក់ដីរួចក៏បានបើកបរធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូងទៅកាន់ដេប៉ូលក់គ្រឿងសំណង់របស់ខ្លួនវិញ ដើម្បីដឹកខ្សាច់យកទៅដាក់ នៅក្នុងការដ្ឋានសំណង់បុរីផ្ទះល្វែងនោះបន្តទៀត។ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ បានវាក់ជាមួយរថយន្តដឹកប្រេងខ្សែភ្នំពេញ-បាត់ដំបង ដែលកំពុងបើកបរធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត។ ខណៈនោះចំណុចកើតហេតុខាងលើ អត់មានបារ៉ាស់សម្រាប់ហាមឃាត់យានយន្តឲ្យពេលមានរថភ្លើងបើកឆ្លងកាត់នោះ ទើបធ្វើឲ្យរថយន្តវាក់ជាន់ហ្រ្វាំងឈប់មិនទាន់ ក៏បានជ្រុលទៅបុករថភ្លើង បណ្ដាលឲ្យរងការខូចខាតកាប៊ីនខ្លួនឯងតែម្ដង។

ប្រភពដដែលបានបន្តថា ក្រោយពេលកើតហេតុរថភ្លើងក៏បានឈប់ឈ្ងៀម ហើយភាគីទាំង ២បានធ្វើការសម្របសម្រួលគ្នាមួយសន្ទុះ ដោយខាងភាគីរថភ្លើងបានទាមទារឲ្យម្ចាស់រថយន្តសង ពេលនោះដោយខ្ជិលមានរឿង វែងឆ្ងាយនាំខាតពេលរកសុី ម្ចាស់រថយន្តក៏បានចេញប្រាក់ ចំនួន២៥០ដុល្លារឲ្យទៅខាងភាគីរថភ្លើង បញ្ចប់រឿងនៅនឹងកន្លែងតែម្ដង៕

មតិយោបល់