ព័ត៌មានជាតិ

សឹងមិនជឿ! សិស្សសាលាបឋមម្នាក់ នៅក្មេងសោះ តែធ្លាប់ធ្វើសកម្មភាពលួចជាញឹកញយ!

កណ្ដាលៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នាថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង០៨និង០០នាទី ស្ថិតនៅចំណុចផ្សារព្រែកហូរ ភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។

សមត្ថកិច្ចធ្វើការឃាត់ខ្លួន បានជនសង្ស័យ២នាក់ ឈ្មោះ អឿន ណូសា ហៅគោ ភេទប្រុស អាយុ១០ឆ្នាំ ទីលំនៅស្នាក់នៅ ភូមិគោករការ សង្កាត់ឈូកវ៉ា ខណ្ឌសែនសុខ រាជធានីភ្នំពេញ មុខរបរសិស្សសាលាបឋម សិក្សាវត្តជុំ (ក្រៅឃុំ) និងម្នាក់ទៀតឈ្មោះ ផា រ៉ាវុទ្ធ ភេទប្រុស អាយុ៣៧ឆ្នាំ ស្នាក់នៅផ្សារពោធិ៍ចិនតុង សង្កាត់ពោធិ៍សែនជ័យ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មុខរបររត់ម៉ូតូឌុប(ឃាត់ខ្លួន)។

រីឯជនរងគ្រោះឈ្មោះ ញឹម សំអូន ភេទស្រី អាយុ២៤ឆ្នាំស្នាក់នៅភូមិបត្តាជី សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមេផ្ទះ។
វត្ថុតាងដកហូតបានមាន៖
-ខ្សែកធ្វើពីលោហ:ធាតុពណ៌ទង់ដែង ទម្ងន់២ជី៥ហ៊ុន (របស់ជនរងគ្រោះ)
-ម៉ូតូ១គ្រឿងម៉ាក HONDA១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៧ ផ្លាកលេខ ព្រៃវែង1L-6398
-កាបូបដៃពណ៌សូកូឡាចំនួន១
-ប្រាក់រៀលចំនួន២២៧៨០០រៀល
-ប្រាក់ដុល្លាចំនួន១០ដុល្លា
-ទូរស័ព្ទដៃម៉ាកOPPOពណ៌ក្រហមចំនួន១គ្រឿង
-នាឡិកាដៃម៉ាកEDIFICEខ្សែដែកពណ៌ទឹកប្រាក់ចំនួន១គ្រឿង
-មួកសុវត្ថិភាពចំនួន១ ។

សូមបញ្ជាក់ថា មុនពេលកើតហេតុ ជនរងគ្រោះ បាននាំកូនស្រីអាយុ៤ឆ្នាំ ដោយមានពាក់ខ្សែកផ្លាទីនមួយខ្សែ មកផ្សារព្រែកហូរ ដើម្បីទិញអីវ៉ាន់ ភ្លាមនោះស្រាប់តែជនសង្ស័យ បានធ្វើសកម្មភាពទាញផ្តាច់ខ្សែកពីកូនជនរងគ្រោះ រួចដើរចេញសំដៅទៅឡើងជិះម៉ូតូរបស់បក្ខពួក ដែលឈប់ចាំនៅក្រៅផ្សារ តែត្រូវជនរងគ្រោះឃើញ បានប្តឹងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ព្រែកហូរ ធ្វើការឃាត់ជនសង្ស័យទាំងពីរនាក់ រួមទាំងវត្ថុតាងយកមកសាកសួរនៅប៉ុស្តិ៍ រួចបញ្ជូនបន្តមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីបន្តចាត់ ការតាមនីតិវិធី។

តាមចម្លើយសភាពជនសង្ស័យ​ ផារ៉ាវុធ ខ្លួនធ្លាប់ឌុប​ អឿន​ ណូសា ធ្វើសកម្មភាពនេះ ចំនួន៤ដងរួចមកហើយ។ បច្ចុប្បន្នសមត្ថកិច្ច កំពុងកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់