ភ្នំពេញ: កម្លាំងសមត្ថកិច្ច ស្លៀកពាក់ស៊ីវិលមួយក្រុម សង្ស័យចុះបង្ក្រាបគ្រឿងញៀន ដោយជិះរថយន្ដ ៣គ្រឿង និងម៉ូតូជាច្រើនគ្រឿង បានផ្ទុះអាវុតជាច្រើនគ្រាប់។
ហេតុការណ៍នេះ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលា ម៉ោង១០និង១០នាទីយប់ទី២៩ ខែមីនា ឆ្នាំ២០២០ ត្រង់ចំណុចផ្លូវរថភ្លើង ទីតាំងសកម្មភាពលក់គ្រឿងញៀនរាល់ថ្ងៃរាល់យប់ កែង នឹងផ្លូវ R6 ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
តាមសម្ដីប្រជាពលរដ្ឋ ដែលរស់នៅក្បែរកន្លែងកើតហេតុ បានឲ្យដឹងថា ដំបូងឡើយ គេឃើញមានរថយន្តចំនួន ៣ គ្រឿង និងម៉ូតូជាច្រើនគ្រឿង ដោយជនស្លៀកពាក់ស៊ីវិល ទំនងជាសមត្ថកិច្ចផ្នែកខាងណាមួយ បានចុះមកដល់កន្លែងកើតហេតុ ហើយបានដកកាំភ្លើងបាញ់ជាច្រើនគ្រាប់ ដោយមិនដឹងមូលហេតុ បង្កឱ្យមានការភ្ញាក់ផ្អើលភ័យខ្លាច ដល់ប្រជាពលរដ្ឋនៅទីនោះ នាំគ្នារត់ប្រសេកប្រសាច និង បិទទ្វារព្រោះខ្លាចបាញ់ត្រូវ ហើយភ្លាមនោះ ក៏មាននារីម្នាក់ ដោយសារស្លុតស្មារតីពេក ក៏សន្លប់បាត់មាត់ឈឹងតែម្ដង។
ក្រោយកើតហេតុ ជនស្លៀកពាក់ស៊ីវិលទាំងនោះ បាននាំគ្នារត់ឡើងជិះរថយន្ត និងម៉ូតូគេចខ្លួនពីកន្លែងកើតហេតុបាត់ស្រមោល បន្សល់ទុកនារីម្នាក់ ដែលមានការភ័យខ្លាច រហូតដល់សន្លប់ ត្រូវបានប្រជាពលរដ្ឋ យកប្រេងកូឡាមកលាបរឹត ទើបដឹងខ្លួន ហើយក៏បានចាកចេញពីកន្លែងនោះបាត់ទៅ ។
ក្រោយកើតសមត្ថកិច្ចខណ្ឌដូនពេញ បានត្រឹមតែចុះមកពិនិត្យទីតាំងកន្លែងកើតហេតុ និងសួរនាំប្រជាពរដ្ឋ ដើម្បីធ្វើកំណត់ហេតុតែប៉ុណ្ណោះ៕
មតិយោបល់