ព័ត៌មានជាតិ

ញាក់សាច់! មន្រ្តីជំនាញ រកឃើញអាល់កុលក្លែងក្លាយ កំពុងចរាចរ នៅខេត្តពោធិ៍សាត់

ពោធិ៍សាត់ៈ យោងតាមផេកអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ បានឲ្យដឹងនៅថ្ងៃចន្ទ ៧កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ នេះ មន្រ្តីសាខា ក.ប.ប ខេត្តពោធិ៍សាត់ ដោយមានការសហការពីមន្រ្តីមន្ទីរពាណិជ្ជកម្មខេត្ត បានបន្តយុទ្ធនាការចុះត្រួតពិនិត្យ គុណភាពអាល់កុលនិង អង្កេតតម្លៃលក់ម៉ាស់ ស់ និងស្វែងរកឧបករណ៌សម្រាប់ធ្វើតេស្តកូវីដ-១៩ នៅតាមបណ្តាឱសថស្ថាន ១៦ ទីតាំង និង ០៣ ដេប៉ូលក់ទំនិញ ស្ថិតនៅទីរួមខេត្តពោធិ៍សាត់។

គោលបំណងនៃការចុះប្រតិបត្តិការ គឺដោយសង្កេតឃើញថា ក្នុងពេលថ្មីៗ នេះ មានម្ចាស់ឱសថស្ថាន ឬអាជីវករមួយចំនួន ឆ្លៀតឱកាស ដាក់លក់អាល់កុល ជែលលាងដៃក្លែងក្លាយ ឧបករណ៌សម្រាប់ធ្វើតេស្តកូវីដ-១៩ និងគ្មានប្រភពផលិតច្បាស់លាស់ និងលក់ម៉ាស់មានតម្លៃខ្ពស់ កេងយកផល ចំណេញហួសហេតុ មិនគិតពីផលប៉ះពាល់ដល់អ្នកប្រើប្រាស់ ស្របពេលដែលប្រទេសកម្ពុជា ក៏ដូចជាបណ្តាប្រទេសលើពិភពលោកកំពុងជួបប្រទះគ្រោះនៃការរីករាលដាល នៃវីរុស COVID-19 ។

ជាលទ្ធផល មន្រ្តីជំនាញ បានរកឃើញឱសថស្ថានមួយចំនួនដែលកំពុងចរាចរធ្វើអាជីកម្មលក់អាល់កុលក្លែងក្លាយ (មេតេណុល) សរុបចំនួន៖ ៩៨.៥ លីត្រ។ បន្ទាប់មក មន្រ្តីសាខាក.ប.ប បានធ្វើកំណត់ហេតុ និងដកហូតអាកុលក្លែងក្លាយទាំងនោះមករក្សាទុកនៅសាខា ក.ប.ប ខេត្តពោធិ៍សាត់ ដើម្បីអនុវត្តនីតិវិធីបន្ត ។

ក្នុងឱកាសនោះដែរ មន្រ្ទីជំនាញបានសំណូមពរ ដល់អាជីវករ សូមមេត្តាកុំឆ្លៀតឱកាសលក់ផលិតផលម៉ាស និងអាកុល សម្រាប់លាងសំអាតដៃ កឹបកេងយកផលចំណេញហួសហេតុ និងសូមអំពាវនាវ ដល់ប្រជាពលរដ្ឋ កុំទិញផលិតផល អាល់កុលណា ដែលគ្មានស្លាកសញ្ញា និងប្រភពច្បាស់លាស់ ដើម្បីជៀសវាងការទិញផលិតផលក្លែងក្លាយ ឬគ្មានគុណភាព យកមកប្រើប្រាស់ ដែលនាំឱ្យប៉ះពាល់ដល់សុខភាព និងអាយុជីវិត៕

មតិយោបល់