ព័ត៌មានជាតិ

លាន់ផាំង! ម៉ូតូបត់ឆ្លងផ្លូវ ត្រូវរថយន្តបុក រងរបួសធ្ងន់បុរសម្នាក់ នៅផ្លូវជាតិលេខ១

កណ្តាល: កាលពីវេលាម៉ោង១៦និង៣៦នាទីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ ករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តបុកម៉ូតូបត់ឆ្លងផ្លូវ បណ្តាលឲ្យរងរបួសធ្ងន់ម្នាក់ នៅលើផ្លូវជាតិលេខ១ ក្នុងគីឡូម៉ែត្រលេខ ៣៥-៣៦ ចំណុចភូមិជ័យឧត្តម២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

សមត្ថកិច្ចបានឲ្យដឹងថា នៅវេលាកើតហេតុមានម៉ូតូ១គ្រឿងម៉ាក HONDA DREAM C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 1FH.2763 បើកបរដោយជនរងគ្រោះឈ្មោះ អុំ ញ៉ិល ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិជ័យឧត្តម២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ទិសដៅភ្នំពេញ អ្នកលឿង ។ លុះបើកមកដល់ចំណុចកើតហេតុ បានបត់ឆ្លងផ្លូវ ស្រាប់តែមានរថយន្ត១គ្រឿងម៉ាក TOYOTA HIGHLANDER ពណ៌ខៀវ ពាក់ផ្លាកលេខភ្នំពេញ 2AL-5981 បើកបរដោយជនបង្កឈ្មោះ ហួត មាន ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបរនាវាកំពង់ផែស្វាយ័តភ្នំពេញ មានទីលំនៅភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជនីភ្នំពេញ បើកបរទិសដៅស្របគ្នា បានបុកម៉ូតូពេញទំហឹង បណ្តាលឲ្យជាប់ក្រោមរថយន្ត ខូចខាតយ៉ាងដំណំ និងមនុស្សរងរបួសធ្ងន់ បានដឹកបញ្ចូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យនៅឯរាជធានីភ្នំពេញ ។ ចំណែកម្ចាស់រថយន្តបង្កត្រូវបានឃាត់ខ្លួន ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះទៅពិនិត្យយកវត្ថុតាងទៅរក្សាទុកជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីបន្តដោះស្រាយគ្នា តាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់