សៀមរាបៈ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋានខេត្តសៀមរាប បានឃាត់ខ្លួនចោរឆក់កាបូបម្នាក់នៅតំបន់អង្គរ បានម្នាក់និងបានបន្តស្រាវជ្រាវឃាត់ខ្លួនបក្ខពួកក្រុមឆក់កាបូបបាន៥នាក់បន្ថែមទៀត។
លោកវរសេនីយ៍ឯក ហង្ស សូផាតភីរម្យ នាយការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋានខេត្តសៀមរាប បានឲ្យដឹងនៅព្រឹកថ្ងៃទី២ ខែមេសានេះថា ដោយទទួលបានផែនការការពារ និងល្បាតក្នុងខេត្តសៀមរាបជាប្រចាំ របស់លោក ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាប និងលោក ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនកណ្តាលព្រហ្មទណ្ឌខេត្តសៀមរាប នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០កន្លងទៅថ្មីៗនេះ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានល្បាតតាមគោលដៅ ឃាត់ខ្លួនជនសង្ស័យម្នាក់ទៅតាមបណ្តឹងស្ត្រីម្នាក់ករណីឆក់កាបូបនៅតាមផ្លូវទៅអង្គរវត្ត។
ក្នុងនោះកម្លាំងរបស់លោក បានដេញប្រផាប់ចាប់ប្រផីងបណ្តាលឲ្យជនសង្ស័យម្នាក់ធ្លាក់ពីលើម៉ូតូ ឯ២នាក់ទៀតរត់រួចខ្លួន។
ជនសង្ស័យដែលឃាត់បាននោះ ឈ្មោះដោ រ៉ូស៊ីញ ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិ ស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។ លោកបន្តថា លុះដល់ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ការិយាល័យ នគរបាល ព្រហ្មទណ្ឌកំរិតស្រាលបានបើកការស្រាវជ្រាវ រហូតឈានដល់ឃាត់ខ្លួនជនសង្ស័យបានចំនួន ៥នាក់ បន្ថែមដែលជាបក្សពួកនិង ជនដៃដល់ខាងលើ ។
ជនសង្ស័យរួមមាន៖
១-ឈ្មោះ សេង ដាវី ភេទប្រុស អាយុ ១៦ឆ្នាំ ស្នាក់នៅភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ពាក់ព័ន្ធនឹងករណីឆក់កាបូប។
២-ឈ្មោះ ចាន់សុធា ភេទប្រុស អាយុ ១៧ឆ្នាំ ស្នាក់នៅភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ពាក់ព័ន្ធនឹងករណីឆក់កាបូប។
៣-ឈ្មោះ រិទ្ធី ឡាយហួ ភេទប្រុស អាយុ ១៦ឆ្នាំ ស្នាក់នៅភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ករណីឆក់កាបូប។
៤-ឈ្មោះ ហឿត សុផាត ភេទប្រុស អាយុ ១៧ឆ្នាំ ស្នាក់នៅភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ករណីឆក់កាបូប។
៥-ឈ្មោះ ឆោម រតនា ភេទប្រុស អាយុ ២៨ឆ្នាំ ស្នាក់នៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ករណីឆក់កាបូប។
លោកបញ្ជាក់ថា សម្ភារៈបាត់បង់មានដូចជា៖
-កាបូបស្ពាយពណ៌ខ្មៅមានខ្សែដែកពណ៌ស
-ទូរសព្ទដៃម៉ាកវីវ៉ូពណ៌ក្រហមមួយគ្រឿង
-ទូរសព្ទដៃម៉ាក់អិនចុចពិលមួយគ្រឿង
-អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន១
-ប័ណ្ណបសសចំនួន ១និងសម្ភារៈមួយចំនួនទៀត និងលុយ។
លោកបន្ថែមថា ដកហូតជាក់ស្ដែងមកវិញមានដូចជា៖
-កាបូបស្ពាយចំហៀងពណ៌ខ្មៅចំនួនមួយដែលជារបស់ជនរងគ្រោះ
-ទូរស័ព្ទដៃមួយគ្រឿងម៉ាក vivo ក្រហមក្រម៉ី មួយគ្រឿងដែលជារបស់ជនរងគ្រោះ
-កាតអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន១ ដែលជារបស់ជនរងគ្រោះ។
តាមចម្លើយសារភាពរបស់ជនសង្ស័យទាំង ៥នាក់ បានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានធ្វើសកម្មភាពឆក់កាបូបនៅក្នុងក្រុងសៀមរាប ពិតប្រាកដមែន។ បន្ទាប់សាកសួររួចរាល់ សមត្ថកិច្ចបានរៀបចំសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យទាំង ៦នាក់ទៅតុលាការចាត់ការបន្តតាមផ្លូវច្បាប់។
ចំណែកសម្ភារៈដែលជារបស់ជនរងគ្រោះ ត្រូវកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋានខេត្តសៀមរាប ប្រគល់ជូនជនរងគ្រោះវិញហើយ៕
មតិយោបល់