ព័ត៌មានជាតិ

បួនករណី ជនសង្ស័យ៨នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន នៅកន្លែងផ្សេងគ្នា ក្នុងខេត្តព្រះសីហនុ

ព្រះសីហនុ: នៅវេលាម៉ោង៥ និង១០នាទីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០ កម្លាំងល្បាតផែនការងារព្រហ្មទណ្ឌ សហការជាមួយអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បង្ក្រាបបទល្មើសព្រហ្មទណ្ឌចំនួន០៤ករណី ឃាត់ខ្លួនជនសង្ស័យចំនួន៨នាក់ (មុខសញ្ញាឆក់-លួច) ដែលមានទីតាំងផ្សេងគ្នា ស្ថិតនៅក្នុងភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

ករណីទី១: នៅថ្ងៃទី០១ខែមេសា ឆ្នាំ២០២០ វេលាម៉ោង២៣និង០០នាទី កម្លាំងល្បាតរបស់អធិការដ្ឋាននគរបាលក្រុងព្រះសីហនុបានសហការជាមួយកម្លាំងការិយាល័យ នគរបាលព្រហ្មទណ្ឌកំរិតស្រាល ល្បាតត្រួតពិនិត្យតាមភូមិសាស្រ្ត ពេលមកដល់ផ្លូវក្រោយសាវ៉ាតឌី អូរ៣ ស្ថិតក្នុងភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ បានប្រទះឃើញ ជនសង្ស័យ២នាក់ ភេទប្រុស (ជាមុខសញ្ញាឆក់សម្ភារៈ) ។ ជនសង្ស័យឃើញសមត្ថកិច្ចបាននាំគ្នារត់គេចខ្លួន តែត្រូវចាប់បានទាំង២នាក់ ។

ករណីទី២: នៅថ្ងៃទី០២ ខែមេសា​ ឆ្នាំ២០២០ វេលាម៉ោង២ និង១៥នាទីយប់ រំលអធ្រាត្រ កម្លាំងផែននគរបាលព្រហ្មទណ្ឌបានចេញល្បាតតាមដងផ្លូវ ពេលដល់ចំណុចស្ថានីយប្រេង តូតាល់ ស្ថិតនៅ ភូមិ២ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ ក៏ប្រទះឃើញជនសង្ស័យ២នាក់ ជាជនជាតិចិន ជិះម៉ូតូ១គ្រឿង ម៉ាក អ៊ែរប្លែត គួរឲ្យសង្ស័យក៏តាមឃ្លាំមើល តែជនសង្ស័យបានដឹងខ្លួន បានជិះបង្វែងដានចុះឡើងៗ តែត្រូវបានស្ទាក់ម៉ូតូចាប់ឃាត់ខ្លួនទាំង២នាក់ ធ្វើការត្រួតពិនិត្យ រកឃើញដែកបំពង់ទីប៣ដើម កូនកាំបិតស្នៀត ៣ដើម និងកន្ត្រៃ ចំនួន២ដើម ។

ករណីទី៣: នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង៣និង៣០នាទី ទៀបភ្លឺ កម្លាំងផែននគរបាលព្រហ្មទណ្ឌ បានចេញល្បាតតាមដងផ្លូវដល់ចំណុចអូរ៣ ស្ថិតនៅភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ ក៏ប្រទះឃើញជនសង្ស័យ៣នាក់ ជាជនជាតិខ្មែរ កំពុងយកខ្សែភ្លើងដែលពួកវាលួចបានចំនួន៤បាវ បម្រុងយកទៅលក់ ក៏ចាប់ឃាត់ខ្លួនតែម្តង ។

ករណីទី៤: នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង៥ និង១០នាទី ទៀបភ្លឺ កម្លាំងផែននគរបាលព្រហ្មទណ្ឌ បានចេញល្បាតតាមដង ផ្លូវដល់ចំណុចវិមានឯករាជ្យ ស្ថិតនៅ ភូមិ៣ សង្កាត់៣ ក្រុងព្រះ សីហនុ ក៏ប្រទះឃើញជនសង្ស័យ ៣នាក់ ជាជនជាតិខ្មែរ កំពុងដឹកខ្សែភ្លើងដែលពួកវាលួចបានជាច្រើនបាវ ដាក់ក្នុងម៉ូតូកង់បី (ផាស់អាប់) ១គ្រឿង និងមានម៉ូតូ១គ្រឿងទៀត ជិះគ្នា ២នាក់ តាមពីក្រោយ បម្រុងយកទៅលក់ ក៏ស្ទាក់ឃាត់បានម៉ូតូកង់បី និងអ្នកបើកបរ រីឯអ្នកជិះម៉ូតូតាមពីក្រោយ ២នាក់បានគេចខ្លួនបាត់ ។

ជនសង្ស័យរួមនិងវត្ថុតាង ត្រូវបានកម្លាំងសមត្ថកិច្ច នាំយកទៅកសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕

មតិយោបល់