ភ្នំពេញៈ នៅរសៀលថ្ងៃទី២ ខែមេសា ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវ២៧១ ក្នុងសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានករណីបុរសជនជាតិវៀតណាមម្នាក់ កំពុងបណ្តើរម៉ូតូសុខៗ ស្រាប់តែដួលស្លាប់។
ជនរងគ្រោះឈ្មោះ តឹង សួងគុណ ភេទប្រុស អាយុ ៥០ឆ្នាំ ជនជាតិវៀតណាម មុខរបរអ្នករត់ម៉ូតូឌុប ស្នាក់នៅសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ប្រពន្ធឈ្មោះ ចាន់ សុខហេង ភេទស្រី អាយុ ៤៨ឆ្នាំ រស់នៅជាមួយគ្នា និងកូនក្នុងបន្ទុក ៣នាក់។
សូមបញ្ជាក់៖ ជនរងគ្រោះប្រកបរបររត់ម៉ូតូឌុបនេះ ចំនួន ១៥ឆ្នាំមកហើយ និងមានជំងឺប្រចាំកាយ(បេះដូងប្រហោង)។
ដំណើររឿង៖ មុនពេលកើតហេតុគេឃើញជនរងគ្រោះ បណ្ដើរម៉ូតូតាមបណ្ដោយផ្លូវខាងលើសុខៗ ស្រាប់តែដួលស្លាប់ផ្អើលដល់អ្នកដំណើរ ពលរដ្ឋក្បែរនោះ និងសមត្ថកិច្ចចុះដល់ទីតាំងត្រួតពិនិត្យ។ យោងតាមប្រភពពីប្រពន្ធជនរងគ្រោះបានប្រាប់ឲ្យដឹងថា ប្ដីរបស់គាត់ខិតខំរត់ម៉ូតូឌុបរកលុយចិញ្ចឹមគ្រួសារ និងគ្មានលុយគ្រប់គ្រាន់សម្រាប់ទិញថ្នាំ ព្យាបាលជំងឺប្រចាំកាយទេ។
ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញ ចុះត្រួតពិនិត្យកោសល្យវិច័យបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយខ្យល់គ រួចសពប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់