បុរសម្នាក់លេបថ្នាំបំពុលកុកធ្វើអត្តឃាត តែត្រូវម្តាយក្មេកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ព្រះកុសុមៈទាន់ពេលវេលា កាលពីវេលាម៉ោង៦និង៣០នាទីព្រលប់ថ្ងៃទី០៨ ខែសីហា កើតឡើងនៅភូមិ ព្រៃកប្បាស ឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។
បុរសលេបថ្នាំសម្លាប់ខ្លួននោះ មានឈ្មោះ ស៊ន ទន អាយុ៣៣ឆ្នាំ មុខរបរធ្វើស្រែ មានប្រពន្ធ ឈ្មោះ ចាន់ ធួន អាយុ៣២ឆ្នាំ ធ្វើការរោងចក្រកាត់ដេរ មានកូនស្រី២នាក់ ស្នាក់នៅភូមិកើតហេតុ ។
ម្តាយក្មេកបុរសលេបថ្នាំ បានបង្ហើបទាំងលាក់លៀមថា នៅព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៤ កូនប្រសារបស់គាត់ បានជិះម៉ូតូទៅខេត្តតាកែវ ដើម្បីរកទិញគោ ខណៈពេលជិះទៅដល់ម្តុំទន្លេបាទី បានជិះទៅបុកម៉ូតូមួយគ្រឿង ទៀតរងរបួស និងខូចម៉ូតូ ហើយសងសំណងទៅជនរងគ្រោះចំនួន ២០០ដុល្លារអាមេរិក ដើម្បីបញ្ចប់រឿង ចំណែកកូនប្រសាររបស់គាត់មិនមានរងរបួសទេ។ ពេលដែលជួបគ្រោះថ្នាក់ចរាចរណ៍នោះ កូនប្រសារមិនបានដកយកលុយទៅរកទិញគោនោះមកសងគេទេ បានទូរស័ព្ទទៅខ្ចីប្រាក់បងប្អូននៅខេត្តតាកែវយកមកសងគេ។
លុះដល់ម៉ោង ៣និង៣០នាទីរសៀលថ្ងៃដដែល កូនប្រសារបានត្រឡប់ទៅផ្ទះវិញដោយរកទិញគោអត់បាន ជាមួយនឹងទឹកមុខស្រងូតស្រងាត់ ហើយបានចូលទៅក្នុងផ្ទះ រួចស្រែកហៅម្តាយក្មេកដែលនៅផ្ទះជាប់គ្នា ប៉ុន្តែម្តាយក្មេកជាប់រវល់មិនបានចូលទៅជួបទេ ឲ្យចៅម្នាក់ចូលទៅមើលក្រែងលោកូនប្រសាទិញនំចំណីយកមកផ្ញើ ដោយសារតែកន្លងមកពេលដែលកូនប្រសា ត្រឡប់មកវិញតែងតែទិញនំចំណីយកមកផ្ញើម្តាយក្មេក ។
ប្រភពដដែលបន្តទៀតថា ខណៈពេលចៅដើរចូលទៅមើលរត់ចេញមកវិញស្រែកប្រាប់ថា ពូដេកបែក ពពុះមាត់សន្លប់ហើយ ទើបគាត់ចូលទៅមើលឃើញមានថង់ទឹកអំពៅនិងថ្នាំបំពុលកុកមួយកញ្ចប់នៅ ជាប់នឹងខ្លួន ក៏ស្រែកហៅឲ្យអ្នកជិតខាងជួយដឹកបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកឃុំវាលព្យួរសេរ៉ូមរួចបានទូរស័ព្ទហៅរថយន្តសង្គ្រោះបែកចានដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមៈ គ្រូពេទ្យលាងក្រពះជម្រះជាតិពុល ហើយពេលដែលគ្រូពេទ្យលាងក្រពះនោះ ជនរងគ្រោះបានស្រែក ទាំងរវើរវាយថាបងលាអូនសិនហើយ ។
បើតាមការឲ្យដឹងពីស្ត្រីជាម្តាយក្មេកហាក់មានការលាក់លៀមពីបញ្ហាប្តីប្រពន្ធនេះ ដោយសារតែប្រពន្ធ មកធ្វើការរោងចក្រ ចំណែកប្តីរស់នៅជាមួយកូនស្រី០២នាក់ដែលមានម្តាយក្មេកជាអ្នកជួយមើលថែ តែមិនដឹងថា ប្តីប្រពន្ធនេះមានទំនាស់ឈ្លោះប្រកែកគ្នារឿងអ្វីទេ សង្ស័យជារឿងប្រចណ្ឌប្រពន្ធបានជាប្តីដាច់ចិត្តលេបថ្នាំសម្លាប់ខ្លួន ហើយស្រែកថាបងលាអូនហើយ ។
គួរបញ្ជាក់ផងដែរថា នៅមន្ទីរពេទ្យក៏មិនឃើញប្រពន្ធទៅមើលប្តីដែរ ឃើញតែម្តាយក្មេកជាអ្នកកំដរប៉ុណ្ណោះ៕
មតិយោបល់