ភ្នំពេញៈ រថយន្តបែនមួយគ្រឿងក្រោយពីចាក់ដីរួច បើកចេញពីការដ្ឋាន ខ្វះការប្រុងប្រយ័ត្ន មិនទាន់ទម្លាក់ទ្រុងបែន បើកទាក់ខ្សែភ្លើងទាំងសំណុំទាញបាក់បង្គោលភ្លើងអស់ ៦ដើម ខ្សែភ្លើងធ្លាក់សង្កត់លើរថយន្តដឹកដីមួយគ្រឿងទៀត និងដាច់ធ្លាក់រប៉ាត់រប៉ាយពេញផ្លូវ កាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០ នៅតាមផ្លូវបេតុង ក្នុងភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។
តាមប្រជាពលរដ្ឋនៅកន្លែងចំណុចខាងលើ បានឲ្យដឹងថា មុនកើតហេតុ ក្រុមរថយន្តដឹកដី បើកយកទៅចាក់លុបត្រពាំងនៅក្នុងភូមិចំណុចខាងលើ ហើយមានរថយន្តបែនកង់១០មួយគ្រឿង ម៉ាកហ៊ីណូ ពណ៌បៃតង ម្ចាស់ដោះផ្លាកលេខចេញបាត់អស់ ដឹកដីចូលទៅចាក់ នៅការដ្ឋានខាងលើ រួចបើកចេញមកវិញ ដោយមិនបានទម្លាក់ទ្រុងបែន ចេញមកដល់ផ្លូវបេតុង ក៏ទាក់ខ្សែភ្លើងទាំងរមូ ទាញបាក់បង្គោលភ្លើងអស់៦ដើម ក្នុងនោះបង្គោលភ្លើងថ្មរបស់អគ្គិសនីកម្ពុជាចំនួន២ដើម បង្គោលភ្លើងថ្មរបស់ពលរដ្ឋ១ដើម និងបង្គោលឈើទ្រខ្សែភ្លើងអស់ចំនួន៣ដើមទៀត ហើយខ្សែភ្លើងធ្លាក់សង្កត់ជាប់ពីលើរថយន្តបែនដឹកដីមួយគ្រឿងទៀត ម៉ាកហ៊ីណូ ពណ៌ឈាមជ្រូក ពាក់ផ្លាកលេខ ចង្កូតស្តាំ PP-2357 ដែលកំពុងរយ៊ែរថយក្រោយ ដើម្បីចូលចាក់ដី ហើយអ្វីជាងនេះទៅទៀត ខ្សែភ្លើងរាប់រយសរសៃ ធ្លាក់រាយប៉ាយពេញផ្លូវ ដែលមិនអាចឲ្យចរាចរឆ្លងកាត់បាន តែមិនបង្កឲ្យអ្នកណារងរបួសឡើយ ។
ក្រោយកើតហេតុ អ្នកបើកបររថយន្តដឹកដីទាំង២គ្រឿង នាំគ្នាចុះរត់គេចខ្លួនបាត់ ទុកតែរថយន្តរបស់ថៅកែនៅកន្លែងកើតហេតុទាំងជាប់ខ្សែភ្លើង សមត្ថកិច្ចមូលដ្ឋាន អាជ្ញាធរ ចុះទៅពិនិត្យ ទំនាក់ទំនងទៅខាងអគ្គិសនី បិទផ្តាច់ចរន្ត តំបន់ខាងលើជាបណ្តោះអាសន្ន រង់ចាំក្រុមជាង ធ្វើការរុះរើខ្សែភ្លើង ដាំបង្គោលភ្លើងថ្មី ។ រីឯរថយន្តបង្ក បែនដឹកដីមួយគ្រឿង ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅការិយាល័យចរាចរជើងគោក ស្នងការក្រុងភ្នំពេញ រង់ចាំថៅកែរថយន្ត អ្នកម៉ៅការចាក់ដី ចូលខ្លួនដោះស្រាយផលប៉ះពាល់ជាក្រោយ ៕
មតិយោបល់