ភ្នំពេញៈ បុរសមិនស្គាល់អត្តសញ្ញាណម្នាក់ បានបើករថយន្ត១គ្រឿងយ៉ាងលឿនមិនប្រយ័ត្ន ក៏ជ្រុលទៅបុកខឿនពុះចែកទ្រូងផ្លូវ និងខឿនរង្វង់មូលជ្រោយចង្វារព្រហ្មមុខបួន បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ រួចព្យាយាមបើករត់ ទៅដល់អង្គតែងទួលគោក ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១១ និង៣០នាទីយប់ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២០ តាមបណ្តោយផ្លូវជាតិលេខ៦ ត្រង់ចំណុចរង្វង់មូលព្រហ្មមុខបួន ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។
ដំណើររឿង៖ មុនកើតហេតុ គេឃើញបុរសម្នាក់ បើករថយន្ត១គ្រឿង ម៉ាកហាយទ្បែនឌ័រ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BB-7869 មិនស្គាល់
អត្តសញ្ញាណនោះទេ ធ្វើដំណើរពីជើងទៅត្បូង ក្នុងល្បឿនលឿន តាមបណ្តោយផ្លូវជាតិលេខ៦។ លុះមកដល់ចំណុចកើតហេតុ ផ្លូវរាងកោង រថយន្តខាងលើ ក៏ជ្រុលចង្កូតទៅបុកនឹងស្លាកសញ្ញាសម្គាល់ផ្លូវរួចបន្តបុកខឿនរង្វង់មូលព្រហ្មមុខបួន បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ។
ដោយទ្បែករថយន្តបង្ក រងការខូចខាតបែកកង់ មុខទាំងសងខាង តែមិនព្រមឈប់ដោះស្រាយគ្នាទេ បានបន្ថែមល្បឿន បើករត់គេចខ្លួនពីចំណុចកើតហេតុខាងលើ រហូតទៅដល់ផ្លូវ៣៥៥ ត្រង់ចំណុចមុខផ្ទះលេខ២៥៧ មានយីហោ ឈ្មោះឃៀង ឆេង លក់អង្គរគ្រប់មុខ ក្បែរអង្គតែងទួលគោក ទើបត្រូវកម្លាំងអន្តរាគមន៍ ឃាត់បានរថយន្ត តែម្ចាស់បានរត់គេចខ្លួនបាត់ស្រមោល។
ក្រោយកើតហេតុ រថយន្តបង្ក ត្រូវសមត្ថកិច្ច ចុះធ្វើការវាសវែង យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីធ្វើការដោះស្រាយគ្នា នៅពេលក្រោយជាបន្តទៅទៀត៕
មតិយោបល់