ព័ត៌មានជាតិ

ស្ត្រីម្នាក់ត្រូវប្តីវាយ បណ្ដាលឲ្យដួលសន្លប់បាត់មាត់ឆឹង នៅខណ្ឌដូនពេញ

ភ្នំពេញ: កាលពីវេលាម៉ោង ៩និង៣០នាទីយប់ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២០ មានករណីហិង្សា ស្ថិតត្រង់ចំណុចក្បែរវិហារឥស្លាម តាមបណ្ដោយផ្លូវ៨៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ដំណើររឿង៖ យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យថា មុនពេលកើតហេតុមានប្រជាពលរដ្ឋរាយការណ៍ទៅប្រាប់សមត្ថកិច្ចថា មានករណីហិង្សាតាមផ្លូវសាធារណ: ពេលនោះកម្លាំងជំនាញបានចុះទៅដល់តាំងកើតហេតុ ឃើញស្រ្តីម្នាក់ដេកសន្លប់ស្ដូកស្ដឹង នៅលើចិញ្ចើមផ្លូវតែម្នាក់ឯង មិនអាចសួរនាំកើតទេ ហើយប៉ូលិសក៏សាកសួរប្រជាពលរដ្ឋ ក្បែរនោះ ប្រាប់ថា មិនដឹងជាមានរឿងអ្វីកើតឡើងទេ? គ្រាន់តែប្រាប់ឲ្យដឹងថា ជនរងគ្រោះឈ្មោះ នី និងប្ដីឈ្មោះ រ័ត្ន អ្នកទាំង ២ស្នាក់នៅក្បែរនោះ។ ប្ដីប្រពន្ធខាងលើតែងតែឈ្លោះគ្នា ការរស់នៅមិនសូវចុះសម្រុងគ្នាទេ រហូតលែងលះជាមួយគ្នារួចហើយ ប៉ុន្តែនៅមុនពេលកើតហេតុ គេឃើញប្ដីដើរសួរប្រពន្ធ មិនដឹងថា រកក្នុងមានការអ្វីនោះទេ?

ក្រោយពេលកើតហេតុសមត្ថកិច្ច ដែលបានចុះដល់ទីតាំង ទំនាក់ទំនងហៅរថយន្តសាមុយ ដឹកជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត ។

សូមបញ្ជាក់៖ ចំពោះករណីខាងលើ សមត្ថកិច្ចតាមរកប្ដីស្រ្តីរងគ្រោះ ដើម្បីសួរនាំជុំវិញបញ្ហាដែលកើតឡើង ប៉ុន្តែរកមិនឃើញ៕

មតិយោបល់