កំពង់ធំៈ នៅវេលាម៉ោង០៨និង៥២នាទីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ៦ ត្រង់ចំណុចមុខក្លោងទ្វារវត្តស្រះខ្ចៅ ក្នុងភូមិស្តុកស្តម្ភ ឃុំជ្រាប់ ស្រុកសន្ទុក ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកម៉ូតូ កំពុងបើកបរឆ្លងកាត់ផ្លូវ បណ្ដាលឲ្យរបួសធ្ងន់ម្នាក់ ខូចខាតរថយន្ត១គ្រឿងនិង ម៉ូតូ០១គ្រឿង ។
នៅមុនពេលកើតហេតុ មានរថយន្ត១គ្រឿងម៉ាកកាមរី (បាឡែន) ពណ៌ទឹកប្រាក់ ផ្លាកលេខភ្នំពេញ 2Q.9653 (បើកបរទិសដៅពីជើងទៅត្បូង) ដោយឈ្មោះ តាំង សុខលី ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិទួលស្វាយ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ (ក្រោយកើតហេតុបាននាំខ្លួនទៅអធិការដ្ឋាននគរបាលស្រុកសន្ទុក ដើម្បីសួរនាំ) មុខរបរមន្ត្រីនគរបាលខេត្តបន្ទាយមានជ័យ ។
ចំណែកម៉ូតូ១គ្រឿងទៀតម៉ាកហុងដាគុប ពណ៌បៃតង ផ្លាកលេខគ្មាន (បើកបរឆ្លងកាត់ផ្លូវពីកើតទៅលិច) បើកដោយជនរងគ្រោះឈ្មោះ សូ យ៉េន ភេទប្រុស អាយុ៥៧ឆ្នាំ នៅភូមិជ័យមង្គល ឃុំជ្រាប់ ស្រុកសន្ទុក ខេត្តកំពង់ធំ (របួសធ្ងន់) (មិនពាក់មួកសុវត្ថិភាព) មុខរបរមន្ត្រីនគរបាលចូលនិវត្តន៍ ។ ភ្លាមៗនោះ ជនរងគ្រោះ ត្រូវបានគេដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីជួយសង្រ្គោះបន្ទាន់ផងដែរ ។
មូលហេតុ៖ បឋមបង្កឡើងដោយអ្នកបើកបរម៉ូតូ បើកបរឆ្លងកាត់ផ្លូវ ខ្វះការប្រុងប្រយ័ត្ន ។ អ្នកបើកបររថយន្ដមានល្បឿនលឿន ។
បន្ទាប់ពីកើតហេតុរួច សមត្ថកិច្ចមូលដ្ឋានបានទៅដល់ទីតាំងខាងលើធ្វើកំណត់ហេតុ យកវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសន្ទុក ដើម្បីដោះស្រាយគ្នា តាមនីតិវិធីផ្លូវច្បាប់ ៕
មតិយោបល់