ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ៣នាក់ ករណីទាស់ពាក្យសំដីក្នុងវង់ផឹកស៊ី បងថ្លៃវ៉ៃប្អូនថ្លៃមួយកៅអីសន្លប់ឈឹង

កំពង់ធំ: កម្លាំងនគរបាលស្រុកបារាយណ៍បាន ឃាត់ខ្លួនជនសង្ស័យ ៣នាក់ ខណ:ប្រើអំពើហិង្សាយកកៅអីគប់ បណ្តាលឲ្យមានមនុស្សម្នាក់សន្លប់ នៅភូមិព្រៃតាត្រាវ ឃុំបល្ល័ង្ក ស្រុកបារាយណ៍ កាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង១៧និង២៥នាទី ។

ជនរងគ្រោះឈ្មោះ ជុយ ស ភេទស្រី អាយុ ២៥ឆ្នាំ រស់នៅភូមិឃុំកើតហេតុ(របួសក)ដួលសន្លប់។

ជនសង្ស័យមានចំនួន ០៣នាក់៖
១.ឈ្មោះ សួង លីន ភេទប្រុស អាយុ ៣៤ឆ្នាំ (ជនដៃដល់) នៅភូមិឃុំកើតហេតុជាមួយគ្នា។
២.ឈ្មោះ សួង ឡូត ភេទប្រុស អាយុ ៤៧ឆ្នាំ
៣.ឈ្មោះ ជិន វ៉ាចាន់ ភេទប្រុស អាយុ ៣០ឆ្នាំ ទាំង០៣នាក់ស្នាក់នៅភូមិបឹងសំរឹទ្ធិ ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ។

ដំណើររឿង៖ មុនពេលកើតហេតុ ជនសង្ស័យទាំង ០៣នាក់ រួមទាំងប្រពន្ធមកជាមួយផង បានមកផឹកស៊ីនៅផ្ទះរបស់ឈ្មោះ សួង លីន (ជនសង្ស័យ) ផ្ទះក្បែរគ្នា ស្រាប់តែមានទាស់ពាក្យសំដីគ្នា រវាងក្រុមជនសង្ស័យ និងប្ដីជនរងគ្រោះ ពេលនោះជនសង្ស័យបានយកកៅអីគប់ទៅត្រូវចំក ជនរងគ្រោះបណ្ដាលរបួសដួល(សន្លប់) (ជនរងគ្រោះត្រូវជាប្អូនថ្លៃជនសង្ស័យ ធ្លាប់មានទំនាស់នឹងគ្នាម្ដងរួចមកហើយ)។

ជនរងគ្រោះត្រូវបានប្ដីយកទៅមន្ទីរពេទ្យបង្អែកស្រុកបារាយណ៍ រីឯជនសង្ស័យទាំង ០៣នាក់ រួមទាំងវត្ថុតាង សមត្ថកិច្ចបានឃាត់ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕

មតិយោបល់