តាកែវៈ វេលាម៉ោង១៥និង៣០នាទីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២០ ស្ថិតលើផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ ៦៦-៦៧ ក្នុងភូមិចោមពល ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ កើតឡើងរវាងរថយន្ត និងរថយន្ត ក្នុងទិសដៅបញ្ច្រាសទិសគ្នា។
រថយន្តទី១ម៉ាកតូយ៉ូតាស៊ីណា (SIENNA) ពណ៌ត្រេអ៊ី ពាក់ផ្លាកលេខ ខេមរភូមិន្ទ02.2.2058 បើកបរដោយឈ្មោះ កង សុខន ភេទប្រុស អាយុ៣៨ឆ្នាំ នៅភូមិតាសឹង ឃុំខ្វាវ ស្រុកទ្រាំង ខេត្តតាកែវ មុខរបរយោធា (គ្មានរបួស) ធ្វើដំណើរពីទិសខាងត្បូង។ លុះមកដល់ចំណុចខាងលើ ស្រាប់តែផ្ទុះកង់រថយន្តខាងឆ្វេង រួចរេចង្កូតទៅបុករថយន្ត១គ្រឿងទៀត ម៉ាកសាំងយ៉ុង ពណ៌លឿង ពាក់ផ្លាកលេខ ភ្នំពេញ 2AJ.2494 បើកបរដោយឈ្មោះ សុខ សំបូរ ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរបើកបររថយន្ត (រងរបួសធ្ងន់) រស់នៅភូមិព្រៃចេក ឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត មានចំណែកអ្នករួមដំណើរទី១.ឈ្មោះ ស៊ិន ដារ៉ា ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរកម្មកររោងចក្រ (រងរបួសធ្ងន់) ស្នាក់នៅភូមិកោះទន្សាយ ឃុំបន្ទាយមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត និងទី២.ឈ្មោះ ទឹម សារ៉ាន់ ភេទស្រី អាយុ៥៨ឆ្នាំ នៅភូមិតាសិត ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ មុខរបរកសិករ (រងរបួសស្រាល) ដែលធ្វើដំណើរពីទិសខាងជើង។
ភ្លាមៗផងដែរ ជនរងគ្រោះ ត្រូវបានបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យឯកជនក្បែរកន្លែងកើតហេតុ។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកដល់ យកវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកត្រាំកក់ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕
មតិយោបល់